(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព។
សម្តេចតេជោ បានស្នើអាមេរិក និងអាស៊ាន យកចិត្តទុកដាក់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មយយចំនួនមានដូចជា វិស័យសុខាភិបាល, ឌីជីថល, ដឹកជញ្ជូន, ថាមពល, បរិស្ថាន និង ការប្រែប្រួលអាកាសធាតុ, ការពង្រឹង និង លើកកម្ពស់តួនាទីស្ត្រី។
ការអំពាវនាវ ក៏ដូចជាសំណើរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងមេដឹកនាំអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ាប៉ុណ្ណោះ មិនមានតំណាងចូលរួមនោះឡើយ។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្ដៅជូនចំពោះវត្តមាន លោក ចូ បៃដិនសម្រាប់ការចូលរួមជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩នេះ។
ក្នុងសុន្ទរកថាជាកិច្ចអន្តរាគមន៍នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ក៏បានលើកឡើងដែរថា វិបត្តិសកលនៃជំងឺកូវីដ១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់នៃការរួបរួមសាមគ្គីគ្នា, កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍, ជំនឿសាសនា និងនិន្នាការនយោបាយ។ ក្នុងស្មារតីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្តើមរៀបចំ «សេចក្តីព្រាងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសចំពោះការកំណត់យកគោលដៅ ចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនសកលលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ អំណោយជាវ៉ាក់សាំង, សម្ភារៈបរិក្ខាពេទ្យ និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជា។
សម្តេចតេជោ ក៏បានស្នើសហរដ្ឋអាមេរិកបន្តផ្តល់ការគាំទ្រចាំបាច់នានាដល់អាស៊ាន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ភាពជាដៃគូវាងអាស៊ាន-សហរដ្ឋអាមេរិក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន-សហរដ្ឋអាមេរិក ។
សម្តេចតេជោ ក៏បានថ្លែងគាំទ្រការដាក់ចេញនូវសេចក្តីប្រកាសរួមអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍឌីជីថល និងការជំរុញអនុវត្តឱ្យ បានលទ្ធផលល្អប្រសើរនូវផែនការសកម្មភាព ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ ២០២១-២០២៥។ សម្តេចតេជោបន្តថា កម្ពុជាលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US ABC) សហការជិតស្និទ្ធ ជាមួយបណ្តារដ្ឋជាសមាជិកអាស៊ាន ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងរំហូរនៃការវិនិយោគ មកក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែច្រើន។ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួល ផ្នែកពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក (ASEAN-US TIFA)។
សម្តេចតេជោ ក៏បានស្នើឱ្យសហរដ្ឋអាមេរិក បន្តផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ជាពិសេសតាមរយៈក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕