(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងលោកស្រី ឱ វណ្ណឌីន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច រៀបចំពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលាខាងមុខនេះ នៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។
សូមជំរាបថា ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាល ប្រទេសវៀតណាមខាងលើនេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។
សូមបញ្ជាក់ថា ប្រទេសវៀតណាម ជាប្រទេសទី២ហើយ ដែលកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈប្រទេសឡាវ ជាប្រទេសទី១ ដែលកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូសផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។
ក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
កាលពីដើមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា បានផ្តល់ថវិកា ២០ម៉ឺនដុល្លារ ទៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ ថវិកានេះបន្ថែមពីលើថវិកាតាមអាស៊ានចំនួន ១០ម៉ឺនដុល្លារ។ នៅខែកក្កដា ឆ្នាំ២០២១ កម្ពុជា ឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ទៅដល់ប្រទេសវៀតណាមផងដែរ។
ក្រៅពីថវិកា កម្ពុជា ក៏បានឧបត្ថម្ភបរិក្ខារមួយចំនួនទៀតទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងវៀតណាម មានដូចជាម៉ាស់, ឧបករណ៍តេស្ដរហ័ស, សំលៀកបំពាក់សុវត្ថិភាព PPE, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ, ម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជាដើម។
កាលពីឆ្នាំ២០២០ កម្ពុជា ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ផងដែរ៕