(ស្វាយរៀង)៖ ទីតាំងស្ថានីយប្រេងសាំងថ្មីមួយកន្លែង ដែលសង់រំលោភលើដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀង ត្រូវបានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំង រួមទាំងគ្រឿងចក្ររុះរើចោល នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ពីព្រោះសាងសង់រំលោភមកលើផ្លូវសាធារណៈរបស់រដ្ឋ។
សំណង់ស្ថានីយប្រេងសាំងនេះ មានទីតាំងស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមមន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងថា ទីតាំងស្ថានីយប្រេងសាំងនេះ កន្លងមក មានការសង់រំលោភមកលើផ្លូវសាធារណៈរបស់រដ្ឋ ទោះបីអាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វើការណែនាំជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ម្ចាស់ស្ថានីយប្រេងសាំងនេះនៅតែបន្តធ្វើខុសពីច្បាប់អនុញ្ញាត ទើបនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តបានបញ្ជាឲ្យឈូសកម្ទេចចោលតែម្តង ដោយរក្សាទុកនៅត្រឹមតែដីកម្មសិទ្ធរបស់ម្ចាស់ទីតាំងការ៉ាស់សាំងនេះតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួនខេត្តស្វាយរៀង បានសាទរចំពោះចំណាត់ការរបស់អភិបាលខេត្តស្វាយរៀង ខណៈដែលពួកគាត់ក៏បាននាំគ្នារិះគន់ចំពោះម្ចាស់ស្ថានីយប្រេងសាំងនេះ ដែលធ្វើការសាងសង់រំលោភលើផ្លូវសាធារណៈយ៉ាងគឃ្លើន គ្មានខ្លាចរអាដល់អាជ្ញាធរ និងមន្ទីរជំនាញនោះឡើយ៕