(ស្វាយរៀង)៖ ក្នុងមួយថ្ងៃ មានស្រូវប្រមាណ២,០០០តោន ត្រូវបានឈ្មួញនាំយកទៅលក់នៅប្រទេសវៀតណាម នៅផែកាណូតប្រឡាយទាហាន នៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ ខេត្តស្វាយរៀង ប៉ុន្តែប្រជាកសិករបាននាំគ្នាត្អូញត្អែ ចំពោះតម្លៃស្រូវធ្លាក់ចុះថោកជាងឆ្នាំមុន ដោយសារមានវិបត្តិកូវីដ១៩។
បើតាមបុរសម្នាក់ជាម្ចាស់ផែកាណូត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ថា «មានទូកកាណូតឈ្មួញវៀតណាមជាច្រើនគ្រឿង បានឆ្លងដែនចូលមកទិញស្រូវ នៅច្រករបៀងផែកាណូតប្រឡាយទាហាន ជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ ស្ថិតនៅភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទិ៍»។
ប្រភពដដែលបានបន្តថា ចំណែកតម្លៃស្រូវ អ៉ីអ៊ែរ ពូជខា៥១ ឬខា៥៤ ដែលវៀតណាម ហៅហាណាំបូង គឺវៀតណាម ទិញក្នុង ១គីឡូក្រាមតម្លៃ ៩០០រៀល។ ចំណែលអ្នកប្រមូលទិញពីប្រជាកសិករអ្នកផលិតផ្ទាល់គឺ ១គីឡូតម្លៃ ៨០០រៀល ទៅ៨៥០រៀលប៉ុណ្ណោះ, ស្រូវសុមាលី ទិញពីកសិករ ក្នុង១គីឡូ តម្លៃ១,០៥០រៀល លក់ចេញឱ្យវៀតណាម ក្នុង១គីឡូតម្លៃ ១,១៥០រៀល, ស្រូវស្រែ (ស្ងួត) ទិញពីប្រជាពលរដ្ឋក្នុង១គីឡូក្រាម តម្លៃ១,១៥០រៀល លក់ចេញឱ្យវៀតណាម ក្នុង១គីឡូក្រាម តម្លៃ១,២៥០រៀល។
ហើយបើប្រៀបធៀបទៅតម្លៃស្រូវ នៅឆ្នាំ២០២០ គឺតម្លៃស្រូវអ៉ីអ៊ែរ ខា៥៤ក្នុង១គីឡូក្រាម ទិញពីកសិករផ្ទាល់តម្លៃ ៩៥០រៀលទៅ១,០០០រៀល លក់ចេញឱ្យទៅវៀតណាម ក្នុង១គីឡូក្រាម តម្លៃ១,១៣០រៀល, ស្រូវសុមាលី ទិញពីកសិករ ក្នុង១គីឡូក្រាមតម្លៃ១,១៥០រៀលលក់ចេញ១គីឡូក្រាម តម្លៃ១,២៥០រៀល ទៅ១,៣០០រៀល, ស្រូវស្រែ ទិញពីកសិករ ក្នុង១គីឡូក្រាមតម្លៃ១,២៥០រៀល លក់ចេញឱ្យវៀតណាមក្នុង១គីឡូក្រាម តម្លៃ១,៣៥០រៀល។
ប្រភពបន្តទៀតថា «ការអ្នកប្រមូលទិញស្រូវពីប្រជាកសិករអ្នកផលិតឱ្យតម្លៃថោកជាងឆ្នាំ២០២០ គឺមូលហេតុការចំណាយសេវា ច្រើន លើថ្លៃដឹកជញ្ជូន ថ្លៃកម្មករ លើកដាក់រថយន្ត លើកចុះទូក ហើយបង់ឱ្យភាគីសមត្ថកិច្ចវៀតណាម គឺក្នុងទូកកាណូត ១គ្រឿង សមត្ថកិច្ចវៀតណាម យក១,៥០០,០០០ដុង ស្មើនឹង ២៧៥,០០០រៀល ទើបគេឱ្យទូកកាណូតចូលមកដឹកស្រូវនៅក្នុងផែខ្មែរយើង ដោយសមត្ថកិច្ចវៀតណាម គេរឹតបន្តឹងទប់ស្កាត់ករឆ្លងជំងឺកូវីដ១៩»។
ប្រភពពីឈ្មួញទិញស្រូវ បានឱ្យដឹងថា ទោះបីយ៉ាងណាក៏ល្អដែរ ដែលអាជ្ញាធរខេត្តស្វាយរៀង បានជួយសម្របសម្រួលទំនាក់ទំនងជាមួយភាគីវៀតណាម សុំឱ្យវៀតណាមចូលមកប្រមូលទិញស្រូវ ចូលការណូតដល់ផែកាណូតខ្មែរ។ ដោយនៅក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២១នេះ នៅផែកាណូតទាហាន ព្រៃវល្លិ នាំស្រូវចេញទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃជាមធ្យមបានជាង២,០០០តោនផងដែរ ហើយនៅពេលខាងមុខនេះ ការប្រមូលផលស្រូវវស្សានឹងចូលមកដល់ទៀតនោះការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាមនឹងកើនឡើងទ្វេរដង៕