(ភ្នំពេញ)៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមជាមួយមនុស្ស៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បង្ក្រាបបាននៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ខណៈពេលដែលកម្លាំងបានចុះរដ្ឋបាលលើទីតាំងសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការចាត់ការ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ភូមិត្រពាំងឈូកនេះ គឺជាទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដែលសមត្ថកិច្ចមូលដ្ឋានបង្ក្រាបបាន រាប់មិនអស់នោះទេ ប៉ុន្តែមុខសញ្ញាជួញដូរគ្រឿងទាំងនេះនៅតែបន្តសកម្មភាពដដែល។ យ៉ាងណាក៏ដោយលោក ម៉ក់ ហុង បានបញ្ជាក់ថា កម្លាំងរបស់លោក នឹងខិតខំបន្ថែមទៀត លើការចុះបង្ក្រាបក្រុមគ្រឿងញៀនទាំងនេះ ដើម្បីរក្សាសន្តិសុខតាមមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕