(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យ និងតាមដានឱ្យបានខ្ជាប់ខ្ជួននូវការវិវឌ្ឍន៍ថ្មីៗ នៃជំនន់ទឹកភ្លៀងដែលកំពុងហក់ឡើងខ្លាំងគួរឱ្យព្រួយបារម្ភ ដែលអាចឈានទៅដល់ដំណាក់កាលប្រកាសអាសន្ននៅតាមតំបន់មួយចំនួន។ ដោយឡែកមន្ទីរកសិកម្មខេត្ត ក៏ត្រូវត្រៀមឱ្យរួចរាល់នូវស្រូវពូជសម្រាប់ចែកជូនប្រជាពលរដ្ឋក្រោយជំនន់បានស្រកទៅវិញ។
ការណែនាំបែបនេះរបស់លោក វ៉ី សំណាង បានធ្វើឡើងក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នៅតាមតំបន់ប្រឈម និងសំណង់ទ្វារទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដែលកំពុងផ្ទុកទឹកលើសពីសមត្ថភាព នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។
នាឱកាសនោះដែរលោក វ៉ី សំណាង បានលើកឡើងថា ទឹកស្ទឹងព្រែកត្នោត មានការហក់ឡើងខ្លាំងគួរឱ្យព្រួយបារម្ភក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នានៅតំបន់ផ្នែកខាងលើនៃស្ទឹងព្រែកត្នោត។ ទឹកបានលិចតំបន់ទំនាបមួយចំនួន នៅខាងត្បូងខេត្ត ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ឃុំរលាំងចក និងឃុំរលាំងគ្រើល នៃស្រុកសំរោងទង។ រីឯតំបន់មួយចំនួនទៀត នៃផ្នែកខាងជើង ក៏មានការជន់លិចដូចគ្នាដែរ គឺក្រុងច្បារមន សង្កាត់កណ្ដោលដុំ និងឃុំតាំងក្រូច ជាមួយនោះមានស្រុកចំនួន២ ក៏កំពុងប្រឈមនឹងការជន់លិចនេះដែរ គឺស្រុកបរសេដ្ឋ និងស្រុកគងពិសី។
លោកអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការព្រួយបារម្ភពីការឡើងខ្លាំង នៃស្ទឹងក្រាំងពន្លៃ ដែលស្ថានភាពគិតមកទល់ថ្ងៃនេះ គឺគ្រប់គ្រងលែងបានហើយ ដែលតម្រូវឱ្យអ្នកបច្ចេកទេស ត្រូវតែបើកទ្វារទឹកទាំង៦ (កំពង់ស្ពឺ៣ទ្វារ, កំពង់ឆ្នាំង៣ទ្វារ) ដើម្បីរំដោះទឹកចេញចៀសវាងការបាក់ធ្លាយជាយថាហេតុ។ ចំពោះការបង្ខំចិត្តបើកទំនប់ទឹកទាំង៦នេះដែរ គឺអាចបង្កឱ្យមានការជន់លិចនៅផ្នែកខាងក្រោម គឺផ្លូវជាតិលេខ៥ ចន្លោះពីផ្សារឧដុង្គ ទៅកំពង់ត្រាច។
ក្រោយពីការបើករំដោះទឹកចេញពីអាងទាំង៦ខាងលើនេះ អាជ្ញាធរខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងរៀបចំទុកដាក់របស់របរសម្ភារនានាឱ្យផុតពីទឹក ដើម្បីបង្ការការបាត់បង់ដោយទឹកកួច នាំយកទៅ។ មួយវិញទៀតត្រូវបន្តប្រុងប្រយ័ត្នចំពោះកូនតូចៗ កុំឱ្យលេងទឹកព្រោះនឹងអាចមានការលង់ជាយថាហេតុណាមួយនិងប្រុងប្រយ័ត្នចំពោះសត្វងសិរពិស ដែលវាអាចទិច ឬខាំធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាដើម៕