(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការប្រកាន់យកដំណោះស្រាយសណ្តោសប្រណី គឺមានតម្លៃបំផុត ហើយអាចរក្សាបាននូវភាពថ្លៃថ្នូរ សាមគ្គីភាព សុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តល្អជាងការចង់ឈ្នះចាញ់ ដែលធ្វើឱ្យភាគីទាំងសង្ខាងខាតបង់ ចងកំហឹងនឹងគ្នារហូត។

ការលើកឡើងបែបនេះរបស់លោក ម៉ៅ ធធនិន បានធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសនៅក្នុងវេទិកា «ដោះស្រាយ និងទទួលយកបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដោយប្រើយុទ្ធសាស្ត្រ ឋានានុក្រមគ្រួសារ» នៅសាលាខេត្ត ដែលមានប្រជាពលរដ្ឋ ចូលរួមមកពីបណ្តាស្រុកក្រុងទាំង៩ ប្រមាណ២០០នាក់។

លោក ម៉ៅ ធនិន បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋខ្មែរ គឺជាគ្រួសារយើងតែមួយហើយ ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺគ្មានអ្វីល្អជាង ការអត់ឱនអធ្យាស្រ័យគ្នានោះទេ។ ការជួបគ្នាការនិយាយទល់មុខគ្នារាល់បញ្ហា ដើម្បីសម្របសម្រួលដោយក្តីសណ្តោសមានតម្លៃបំផុត ហើយអាចរក្សាបាននូវភាពថ្លៃថ្នូរ សាមគ្គីភាព និងសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ផ្ទុយទៅវិញ បើប្រជាពលរដ្ឋប្រកាន់យកជំហរ ចង់ចាញ់ឈ្នះ គឺគ្មានថ្ងៃបញ្ចប់នោះទេ ទោះតុលាការសម្រេចថាចាញ់ ឬឈ្នះហើយក៏ដោយ ក៏ភាគីទាំងសង្ខាង នៅតែមានការខាតបង់ និងចិត្តចងកំហឹងនឹងគ្នារហូត»

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអប់រំប្រាប់ប្រជាពលរដ្ឋថា៖ «មនុស្សមាន ៣ប្រភេទ គឺមនុស្សចិត្តមនុស្ស, មនុស្ស ចិត្តទេវតា និងមនុស្សចិត្តប្រេតតិរិច្ឆាន»

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទៅពឹងមនុស្សចិត្តមនុស្សគេនឹងខិតខំជួយយើងដោយសុទ្ធចិត្ត ហើយបើទៅពឹងចំមនុស្សចិត្តទេវតាយើងនឹងរីកចម្រើនតែបើ ព្រោះតែចង់ឈ្នះចាញ់ ទៅពឹងប៉ះមនុស្សចិត្តប្រេតតិរិច្ឆានយើងនឹងវេទនាកាន់តែខ្លាំង។

គួររំលឹកដែរថា ក្នុងវវេទិកានោះលោកបានដោះស្រាយ និងប្រមូលបញ្ហាជាច្រើនករណីមានទាំងករណីទំនាស់ក្នុងគ្រួសារ, ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ, ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ, ករណីរំលោភយកដីរដ្ឋ, ករណីប្តឹងផ្តល់ រឿងគ្រោះថ្នាក់ចរាចរណ៍, ករណីចាប់គ្រឿងចក្រឈូឆាយដី និងសំណូមពរសុំចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាដើម។

ម្យ៉ាងវិញទៀតនោះ ក្នុងចំណោមករណីខាងលើលោកអភិបាលខេត្ត ម៉ៅ ធនិន បានដោះស្រាយភាគច្រើនរួចរាល់ នៅនឹងកន្លែងតែម្តងនៅសល់តែករណីដីធ្លីមួយចំនួន ដែលទាមទារឱ្យលោកអភិបាលខេត្ត ត្រូវចុះទៅពិនិត្យដល់កន្លែងជាក់ស្តែង ក្នុងពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះផងដែរ លោកអភិបាលខេត្តនឹងដាក់វេណចុះទៅធ្វើវេទិកាដោះស្រាយនៅគ្រប់ក្រុងស្រុក ដោយចេញពីស្រុកដងទង់ និងទៅជុំគិរី បន្ទាប់មកស្រុកបន្ទាយមាស ស្រុកឈូក ក្រុងបូកគោ រួចមកក្រុងកំពត ហើយបន្តទៅជាហូរហែទៀត តាមពាក្យបណ្តឹងដែលរូបលោកអភិបាលខេត្តផ្ទាល់បានទទួលពីប្រជាពលរដ្ឋ។

ក្នុងឱកាសនៃវេទិកានេះលោកអភិបាលខេត្ត ក៏បានផ្តល់ស្បៀងអាហារជូនដល់លោកតា លោកយាយ ជនពិការភាព ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រសរុបចំនួន១៦០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ១យួរ និងថវិកាមួយចំនួនផងដែរ៕