(ភ្នំពេញ)៖ ផ្លូវលេខ១៨៧ ជាប់របងមន្ទីរពេទ្យរុស្ស៊ី ឈាងខាងត្បូង បានក្លាយជាកន្លែងចាក់សំរាមយ៉ាងអនាធិបតេយ្យ នាំឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់រិះគន់យ៉ាងខ្លាំង។
ការរិះគន់របស់ប្រជាពលរដ្ឋ ក៏ដោយសារគំនរសំរាមគេយកមកចាក់ចោលនោះ បានធ្វើឲ្យប៉ះពាល់ដល់សោភណភាពរបស់រាជធានីភ្នំពេញ ដែលគេប្រសិទ្ធនាមថា ជាទីក្រុងគុជ។ មិនតែប៉ុណ្ណោះសំរាមនេះ ក៏បានជះក្លិនស្អុយ ដែលអាចប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។
បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា សំរាមត្រូវបានអ្នករស់នៅម្តុំនោះ យកមកចាក់គរចោលជារៀងរាល់ថ្ងៃ ហើយ២-៣ថ្ងៃ ទើបរថយន្តស៊ិនទ្រីចូលមកដឹកម្តង។ ដោយឡែកអាជ្ញាធរនៅសង្កាត់ទូលទំពូង២ ខណ្ឌចំការមន ហាក់មិនបានចាប់អារម្មណ៍លើគំនរសំរាម ដែលគរបង្អួតភ្នែកសាធារណជននេះឡើយ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចាក់សំរាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ បានទទូចសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ជាពិសេសអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយពិនិត្យលើបញ្ហានេះ ដោយរកធុង ឬប្រដាប់ដាក់សំរាមឲ្យប្រជាពលរដ្ឋ ដាក់សំរាមចៀសវាងការដាក់រាយប៉ាយ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សោភណភាពរាជធានីភ្នំពេញ៕