(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំពីការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចូលរកសេវា នៅតាមទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានា។ បើតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដែលបណ្តាញពព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការរីករាលដាលនជំងឺកូវីដ១៩ សំដៅបង្កើនភាពស៉ាំសហគមន៍ឱ្យបានរឹងមាំ ដើម្បីទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យនាពេលឆាប់ៗខាងមុខនេះ។

រដ្ឋបាលខេត្តបានណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងផ្សារ ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ វិស័យឯកជន ប្រជាពលរដ្ឋ
និងសាធារណៈជនទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖

*ទី១៖ គ្រប់បុគ្គលទាំងអស់ ដែលចេញចូល-ចូលក្នុងបរិវេណសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត សាលា ក្រុង-ស្រុក ត្រូវមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចេញដោយក្រសួងសុខាភិបាល ឬចេញដោយក្រសួងការពារជាតិ។

*ទី២៖ គ្រប់បុគ្គលទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ត្រូវមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចេញដោយក្រសួងសុខាភិបាល ឬចេញដោយក្រសួងការពារជាតិ រាល់ពេលចូល-ចូលទីតាំងដូចជា៖ គ្រឹះស្ថានសិក្សា ផ្សារ (រដ្ឋ និងឯកជន) ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ សណ្ឋាគារ ផ្ទះសំណាក់ រមណីយ ដ្ឋានទេសចរណ៍ ផ្សារម៉ាត និងទីតាំងផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតិឱ្យបើកដំណើរការ។ ចំពោះកុមារ និងយុវវ័យដែលមានអាយុក្រោម១៨ឆ្នាំ មិនមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នោះទ។

*ទី៣៖ គ្រប់គ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវមានកាតព្វកិច្ចរៀបចំយន្តការ ដើម្បីត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង របស់លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំសិស្ស និស្សិតឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលគ្រឹះស្ថានសិក្សារបស់ខ្លួន។

ជាមួយគ្នានេះដែរ គ្រប់ទីតាំងអាជីវកម្មទាំងអស់ ក៏ត្រូវមានកាតព្វកិច្ចរៀបចំយន្តការ ដើម្បីត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំខាងលើ រាល់អតិថិជនដែលមករក និងទទួលសេវានៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ប្រសិនបើមានបុគ្គលណាម្នាក់មិនព្រមសហការបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលទៅក្នុង ទីតាំង ឬកន្លែងរបស់ខ្លួនឡើយ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់ និងត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ ចំពោះអ្នកដែលចេញ-ចូល និងអ្នកផ្គត់ផ្គង់នានា។

*ទី៤៖ គ្រប់គ្រឹះស្ថានសិក្សា គណៈគ្រប់គ្រង ម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានកាតព្វកិច្ចត្រួតពិនិត្យទៅលើ មន្ត្រី បុគ្គលិក និងអ្នកបម្រើសេវាទាំងអស់ ដែលធ្វើការនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ដើម្បីធានាឱ្យប្រាកដថាអ្នកទាំងនោះទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយ។

*និងទី៥៖ ករណីគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រង ម្ចាស់អាជីវកម្មណា ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែមិនអនុវត្តតាមគោលការណ៍ណែនាំខាងលើត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងអាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការតាមផ្លូវច្បាប់ (ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដព្រៃវែង៖