(ភ្នំពេញ)៖ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈក្រោមប្រធានបទ «ហេតុអ្វីបានជាកម្ពុជា ចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់?» ដើម្បីស្វែងរកអ្នកទទួលជ័យលាភី ដែលបកស្រាយបានល្អ បន្តទៅប្រកួតយកជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រ ដែលបាន ធ្វើឡើងនៅដាយកូនៀ (Diakonia) ដោយមានការចូលរួមពីវាគ្មិន និងបេក្ខជនជាច្រើនរូបទៀតផងដែរ។

លោកវេជ្ជបណ្ឌិត មុំ គង់ បានបញ្ជាក់ទៀតថា ការប្រកួតនិយាយជាសាធារណៈនេះ គឺដើម្បីជាការបើកឱកាសមួយដល់យុវជន ក្នុងការនិធ្វើការការស្រាវជ្រាវ និងស្វែងយល់ពីបញ្ហារបស់ថ្នាំជក់ និងអាចនិយាយជាសាធារណៈពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ដើម្បីចែករំលែកដល់យុវជនជំនាន់ក្រោយផងដែរ។

លោកវេជ្ជបណ្ឌិត មុំ គង់ បានបន្ថែមថា ការដំឡើងពន្ធថ្នាំជក់ គឺជាសំខាន់ណាស់ ដើម្បីទទួលបានថវិកាចូលរដ្ឋបានច្រើន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ផង និងអាចជួយដល់ប្រជាពលរដ្ឋពីហានិភ័យទាំងឡាយ ដែលអាចកើតឡើងដោយសារថ្នាំជក់ផងដែរ។ ប្រសិនបើអ្នកជំងឺកូវីដ ដែលមានការជក់បារីទៀតនោះនឹងធ្វើឱ្យ សួតកាន់តែមានបញ្ហាធ្ងន់ធ្ងរផងដែរ ហើយក៏មានបញ្ហាជាច្រើន ក្រោយពីជំងឺកូវីដបានជាសះស្បើយ ច្រើនជាងអ្នកដែលមិនបានជក់បារីផងដែរ។

តាមរយៈការបកស្រាយរបស់បេក្ខជន បានបញ្ជាក់ដែរថា អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការដំឡើងពន្ធថ្នាំជក់មានដូចជា៖ អត្រាឈឺ ស្លាប់ ដែលបង្កពីការ ប្រើប្រាស់ថ្នាំជក់ថយចុះ ចំណូលពន្ធបានពីថ្នាំជក់នឹងកើនឡើង។ ការដំឡើងពន្ធថ្នាំជក់គឺជាកាតព្វកិច្ចដែលកម្ពុជាក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្តីពី ការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ត្រូវបំពេញហើយជាមួយគ្នានេះដែរប្រជាលរដ្ឋកម្ពុជាប្រមាណ ៨០% គាំទ្រចំពោះវិធានការដំឡើពន្ធថ្នាំជក់។

បេក្ខជនក៏បានបកស្រាយទៀតថា កម្ពុជាគួរតែដំឡើងពន្ធថ្នាំជក់ឱ្យបាន ៧៥% នៃតម្លៃលក់រាយឱ្យស្របតាមការណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក។ បច្ចុប្បន្នពន្ធថ្នាំជក់នៅកម្ពុជាមានអត្រាប្រមាណ ២៨%នៃតម្លៃលក់រាយ ដែលអត្រានេះនៅមានកម្រិតទាបខ្លាំងធៀប នឹងអត្រាដែល ណែនាំ ដោយអង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ហើយជាអត្រាមួយដែលទាបជាងបណ្តាប្រទេសក្នុងតំបន់អាស៊ានទៀតផង។ ប្រទេសអាស៊ានដូចជា ប្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន ថៃ សុទ្ធតែមានអត្រាពន្ធលើផលិតផលថ្នាំជក់លើស៥០%ធៀបតម្លៃលក់រាយដោយឡែកកម្ពុជាមានអត្រាពន្ធថ្នាំជក់ តែ២៨%ប៉ុណ្ណោះ។

ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់បង្កឱ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥,០០០បានស្លាប់ដោយសារតែការជក់បារី៕