(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់យើងរៀបចំត្រៀមលក្ខណ:យើងរីកចម្រើនទៅមុខ» ដែលរៀបចំដោយប្រទេសប្រ៊ុយណេ តាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មេដឹកនាំអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗចំនួន១៣។ នេះបើតាម លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២ ក្នុងនោះរួមមានទី១៖ ការកសាងសហគមន៍អាស៊ាន និង ទី២៖ ការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២ ទី១៖ ទំនាក់ទំនងខាងក្រៅ និងមជ្ឈ ភាពអាស៊ាន ទី២ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន លើកលែងតែមេដឹកនាំនៃសហភាពមីយ៉ាន់ម៉ារមួយប៉ុណ្ណោះ ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគី យ៉ា ប្រធានអង្គប្រជុំ។
លោក កៅ គឹមហួន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ប្រមុខរដ្ឋ/រាជរដ្ឋាភិបាល បានអនុម័តលើឯកសារសំខាន់ៗចំនួន១៣ រួមមាន៖
១៖ សេចក្តីប្រកាសទីក្រុងបានដាសេរី ប៊ីហ្កាវ៉ាន(Bandar Seri Begawan) ស្តីពីគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សារភ្ជាប់រាល់ការឆ្លើយតបរបស់អាស៊ានចំពោះគ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់។
២៖ សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម
៣៖ សេចក្តីប្រកាសមេដឹកនាំអាស៊ានស្តីពីសេដ្ឋកិច្ចពណ៌ខៀវ
៤៖ លក្ខខណ្ឌយោងសម្រាប់ក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យ និងផែនទីចង្អុលផ្លូវសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥
៥៖ យុទ្ធសាស្រ្តរួមស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់អាស៊ាន
៦៖ សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានស្តីពីទំនើបកម្ម ការផ្លាស់ប្តូរ នៅក្នុងតំបន់អាស៊ាន
៧៖ ក្របខណ្ឌគ្រប់ជ្រុងជ្រោយរបស់អាស៊ានស្តីពីសេដ្ឋកិច្ចថែទាំ
៨៖ ក្របខណ្ឌគោលនយោបាយយុទ្ធសាស្រ្តអាស៊ានស្តីពីការលើកកម្ពស់សហគមន៍អាស៊ាន ដោយមានការសម្របសម្រួល ការយល់ដឹង ការអត់ឱន និងការយល់ដឹងអំពីរបៀបវារៈក្នុងតំបន់ ក្នុងចំណោមប្រជាជនអាស៊ាន
៩៖ សេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីបម្រែបម្រួលអាកាសធាតុ នៅក្នុងសន្និសីទលើកទី២៦ នៃបណ្តាភាគីអនុសញ្ញា ក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ
១០៖ សេចក្តីប្រកាសទីក្រុងបានដាសេរី ប៊ីហ្កាវ៉ាន ស្តីពីសារសំខាន់នៃគ្រួសារសម្រាប់ការអភិវឌ្ឍសហគមន៍ និងការកសាងប្រទេសជាតិ
១១៖ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការលើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែនរបស់កម្មករ និយោជិត សម្រាប់អនាគតនៃការងារ
១២៖ សេចក្តីប្រកាសមេដឹកនាំអាស៊ាន ស្តីពីការកែទម្រង់ និងការផលិតជម្រើសអាហារ និងភេសជ្ជៈប្រសើរសម្រាប់សុខភាព
១៣៖ សេចក្តីថ្លែងការណ៍ស្តីពីការលុបបំបាត់ការគំរាមកំហែងកុមារនៅក្នុងតំបន់អាស៊ាន
នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្លាស់ប្តូរមតិជុំវិញបញ្ហាមីយ៉ាន់ម៉ាដែលអវត្តមានក្នុងកិច្ចប្រជុំនេះ បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាកូវីដ១៩ផងដែរ៕