(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានសេចក្ដីជូនព័ត៌មានស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ (ស៉ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា តាមរយៈអនុគណៈកម្មការចំពោះកិច្ច ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងមូលដ្ឋានខេត្តកណ្តាល នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីរសៀល នៅតាមទីតាំងដែលបានកំណត់។

លក្ខខណ្ឌសម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសជំរុញ ឬសទី៣ អំឡុងពេលនេះបាន គឺជាប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ និងបានចាក់វ៉ាក់សាំងកូវីដ១៩ (គ្រប់ប្រភេទវ៉ាក់សាំងកូវីដ-១៩) ដូសទី១ និងដូសទី២ រួចរាល់ ឬគ្រប់ដូស ហើយត្រូវមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីដូសទី២ ឬគ្រប់ដូស។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣នេះ ឱ្យបានគ្រប់ៗគ្នា កុំបីខាន តាមកាលបរិច្ឆេទ ពេលវេលា ទីតាំង និងលក្ខខណ្ឌកំណត់ជូនខាងលើ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

*ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩
*ឯកសារសម្គាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន ឬឯកសារប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ត្រូវរក្សាឱ្យបាននូវគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាស់ តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នា ដោយប្រកាន់ខ្ជាប់ក្នុងការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕