(សៀមរាប)៖ ស្រុកបន្ទាយស្រី ជាស្រុកមួយដែលមានប្រាសាទបន្ទាយស្រី ដ៏ស្រស់ស្អាតដែលទាក់ទាញអ្នកទេសចរ ឱ្យទៅទស្សនាប្រាសាទនេះជាហូរហែ។ បន្ទាប់ពីទស្សនាប្រាសាទ អ្នកទេសចរដែលបន្តដំណើរទៅភ្នំគូលែន ច្បាស់ជាបានឃើញរង្វង់មូលដ៏ធំនៅទីរួមស្រុកនេះជាក់ជាមិនខាន។
កន្លងមករង្វង់មូលនេះ ត្រូវទុកចោល ដោយពុំមានការថែទាំដិតដល់នោះទេ។ នៅចុងឆ្នាំ២០២០ រដ្ឋបាលស្រុកនេះចាប់ផ្តើមកែលម្អឡើងវិញ ដោយមានដាំផ្កាលម្អ ហើយចុងក្រោយនេះ បានរៀបចំដាំស្រូវ។ រដ្ឋបាលស្រុកបន្ទាយស្រី បានប្ដូរពីការដាំផ្កា មកដាំដំណាំស្រូវវិញ ហើយកំពុងទាក់ទាញសាធារណជន ឲ្យមកទស្សនាកម្សាន្ត មិនចាញ់ការដាំផ្កាប៉ុន្មានដែរ។
លោក ហេង ពិសិដ្ឋ មន្ត្រីរដ្ឋបាលស្រុកបន្ទាយស្រី ប្រាប់ឱ្យដឹងថា ហេតុផលដែលស្រុកប្តូរពីផ្កា មកជាស្រូវ គឺដើម្បីធ្វើឱ្យមានការប្លែកអារម្មណ៍ និងមួយទៀត យកផលស្រូវធ្វើបាន ទុកចែកប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន។ លោក ពិសិដ្ឋ បន្ថែមថា ការដាំស្រូវនេះ ផ្តល់អត្ថប្រយោជន៍ច្រើនជាងដាំផ្កា ព្រោះពេលផ្កាខូចទៅ គឺអត់ទទួលបានផលអីទេ តែរដូវកាលនេះ គឺជារដូវកាលធ្វើស្រែផង ក៏ឆ្លៀតឱកាសនេះដាំលម្អនៅតាមរដូវ និងបានផលស្រូវទុកចែកអ្នកក្រីក្រផង។
បច្ចុប្បន្ននេះ ស្រូវក្នុងរង្វង់មូលបានចាប់ផ្តើមចេញផ្លែផ្កាគួរជាទីទាក់ទាញ។ អ្នកដំណើរដែលបានឆ្លងកាត់ភូមិសាស្រ្ដនេះ កម្ររំលងណាស់ គឺពួកគេតែងឆ្លៀតចូលលេង និងផ្តិតរូបភាពខ្លួនឯងជាមួយស្រូវក្នុងរង្វង់មូលនេះ។
លោក ហេង ពិសិដ្ឋ បញ្ជាក់ថា រដ្ឋបាលស្រុកបើកឱ្យសាធារណជនចូលទស្សនា និងមានរៀបចំជាផ្លូវក្រាលឥដ្ឋ ដើម្បីងាយស្រួលចូលទស្សនាផងដែរ។ យ៉ាងណា លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាបរិស្ថាន និងមិនត្រូវបេះបោចស្រូវដែលកំពុងលូតលាស់ល្អនោះទេ។
គួររំលឹកផងដែរ រដ្ឋបាលស្រុកបន្ទាយស្រី ក្រោមអាណត្តិលោក ឃឹម ហ្វីណង់ បានចាប់ផ្តើមរៀបចំកែលម្អរង្វង់មូលបន្ទាយស្រីនេះ នៅខែធ្នូ ឆ្នាំ២០២០ ដោយមានរៀបចំជាផ្លូវទម្រង់ផ្កាឈូក។ អំឡុងពេលដាំស្រូវនេះ មានការបន្ថែមផ្លូវឥដ្ឋក្រហម ដើម្បីងាយស្រួលដើរ ហាត់ប្រាណ និងទាក់ទាញភ្ញៀវដើរកម្សាន្ត៕