(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពប្រកាសផ្ទេរមុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយលោក សាយ ចំរើន ជំនួសលោក កង សារឿន ដែលត្រូវបានតែងតាំងជាអភិបាលស្រុកអណ្តូងមាស។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានស្នាក់ការគយ ប្រធាននគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងអាជ្ញាធរស្រុកអូរយ៉ាវផងដែរ។

លោក សាយ ចំរើន ដែលទើបទទួលតំណែងថ្មីបានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំគ្រប់រូប ដែលមានទំនុកចិត្តតែងតាំង និងចាត់តាំងភារកិច្ចជូនលោកជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោក សាយ ចំរើន បានប្តេជ្ញាថា៖

*ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ
*ពង្រឹងថែរក្សាស្មារតីសាមគ្គីភាពឯកភាផ្ទៃក្នុងក្នុងជួរកងកម្លាំង និងស្ថាប័នជំនាញ
*បន្តការអនុវត្តទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់
*បន្តការខិតខំយកចិត្តទុកដាក់ ពង្រឹងការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយជុំរុញឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការណ៍ «៣កុំ និង៣ការពារ»
ព្រមទាំងវិធានការរបស់ក្រសួងសុខាភិបាល
*បន្តពង្រឹងទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែន។

ក្នុងអង្គពិធីនេះលោក ញ៉ែម សំអឿន បានណែនាំដល់លោក សាយ ចំរើន ត្រូវធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពផ្ទៃក្នុងបានល្អ មានកិច្ចសហការល្អជាមួយកម្លាំងទាំងអស់ប្រចាំនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោកថា «ទោះបីច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានទំហំពាណិជ្ជកម្មទំនិញចេញ-ចូល មិនដូចច្រកទ្វារអន្តរជាតិប៉យប៉ែត ច្រកទ្វារអន្តរជាតិបាវិត ប៉ុន្តែកម្ពុជាយើងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលខេត្តរតនគិរីយើងសំបូរដំណាំកសិឧស្សាហកម្ម ហើយមានព្រំដែនជាប់ប្រទេសវៀតណាម អាចដឹកជញ្ជូនឆ្លងកាត់ទៅប្រទេសចិនមានភាពងាយស្រួលផងដែរ»

បន្ថែមលើនេះទៀតលោក ញ៉ែម សំអឿន បានដាស់តឿនសុំឲ្យមានការយោគយល់ចំពោះបងប្អូនពលរដ្ឋក្រីក្រត្រូវ មានមានសុជីវធម៌ជាមួយពួកគាត់ពេលទៅសុំសេវាផ្សេងៗ តែការងារត្រូវម៉ឺងម៉ាត់ មានការទទួលខុសត្រូវខ្ពស់ ហើយ ដោយសារអាណត្តិមានតែរយៈពេល២ឆ្នាំ តែបើសិនការងារល្អ នោះនឹងបន្តការងារថែម១អាណត្តិទៀត។

ជាមួយគ្នានេះលោក ញ៉ែម សំអឿន បានជំរុញមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺកូវីដ១៩ បើពួកគាត់មានសភាពស្រាលអាចឲ្យពួកគាត់សម្រាកព្យាបាលមណ្ឌលវិទ្យាល័យត្រពាំងក្រហមស្រុកកូនមុំ និងវិទ្យាល័យភូមថ្មី ក្រុងបានលុង តែបើមានសភាពធ្ងន់ត្រូវបញ្ជូនពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ព្រោះមានឧបករណ៍វេជ្ជសាស្ត្រគ្រប់គ្រាន់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ៕