(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការជាន់ ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស តាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលនានា សម្រាប់សេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្សនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សិក្ខាសាលានឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨៖០០ព្រឹក នៅទីស្នាក់ការ គ.ស.ម.ក និងតាមរយៈប្រព័ន្ធវីដេអូ។
សិក្ខាសាលានេះនឹងប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Pauline Tamensis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ។
សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួនជាង៨០នាក់ មកពីគ្រប់ភាគីដូចជា៖ តំណាងស្ថាន ទូតនានាប្រចាំកម្ពុជា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន តំណាង និងមន្ត្រីនៃអង្គការអន្តរជាតិនានា ប្រធាន និងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាន និងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្ស នៃប្រទេសម៉ាឡេស៊ី ស្នងការ និងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិមនុស្សប្រទេសហ្វីលីពីន មន្ត្រី OHCHR និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីនៃ គស.ម.ក៕