(កំពត់)៖ ប្លង់មេ និងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ព្រែកត្នោត ខេត្តកំពត ត្រូវបានដាក់ឆ្លង និងអនុម័តនៅក្នុងកិច្ចប្រជុំពិនិត្យ។ នេះបើតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងបបរិស្ថាន។
ការអនុម័តនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពតព្រមទាំងតំណាង ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានជឿជាក់ថា គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង និងមានជម្រើសកាន់តែច្រើន ចូលរួមបង្កើតការងារ និងបង្កើនជីវភាពប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទេសចរណ៍ធម្មជាតិផ្នែកមួយយ៉ាងសំខាន់ នៃទេសចរណ៍កម្ពុជា ហើយតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះដែលកំពុងត្រូវបានការពារបានយ៉ាងល្អប្រសើរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងបរិការណ៍នៃការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ។
បន្ថែមពីនេះលោកបានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរបានដើរកម្សាន្តច្រើននៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងបាននាំចូលសេដ្ឋកិច្ចជាច្រើនទៅមូលដ្ឋាន និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃ ការចូលរួមពង្រឹងលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។
លោករដ្ឋលេខាធិការ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានផ្តល់តម្លៃខ្ពស់នៃតំបន់ទេសចរណ៍ធម្មជាតិ និងមានមោទកភាពចំពោះសម្បត្តិធនធានរបស់កម្ពុជា ជាពិសេសតាមរយៈដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា រូបភាព និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជា ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅតាមបណ្តាញទំនាក់ទំនងសង្គម និង ប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានចូលរួមកាន់តែខ្លាំងថែមទៀត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបានចូលរួមថែរក្សាការពារនូវទេសភាព និងសម្បត្តិធម្មជាតិទាំងនេះ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕