(បន្ទាយមានជ័យ)៖ រយៈពេលប៉ុន្មានថ្ងៃនេះរដ្ឋបាលក្រុងប៉ោយប៉ែត និងកងកម្លាំងប្រដាប់អាវុធបាននាំយកទឹកស្អាត ចែកជូនពលរដ្ឋជាច្រើនគ្រួសារ ដោយឆ្លើយតបទៅនិងតម្រូវការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃដោយសារតែអាកាសធាតុរាំងរីងស្ងួតក្តៅហួតហែង ។
នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាលព្រំដែន កម្លាំងសឹករងក្រុង ប្រជាការពារ បាននាំយករថយន្ដពន្លត់អគ្គីភ័យរបស់លោក គាត ហ៊ុល ដឹកទឹកស្អាតយកចែកជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះផងដែរ លោកអភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុនារដូវនេះ និងសូមប្រើប្រាស់ទឹកដោយការសន្សំសំចៃ ។
ដោយឡែក បងប្អូនដែលធ្វើស្រែប្រាំងនៅខាងក្រោមទំនប់អាងអូរខៃដន ដែលបានប្រមូលផលរួចហើយ មេត្តាផ្អាកធ្វើជាថ្មី ជាបណ្តោះអាសន្ន ព្រោះបរិមាណទឹកក្នុងអាងអាចប្រឈមទៅនិងកង្វៈខាតទឹកផ្គុតផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាទៀតថា ការចុះចែកទឹកចចែកជូនប្រជាពលរដ្ឋចំនួនជាង២០០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៕