(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងកោតសរសើរកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។
កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលនេះ គឺមានប្រទេស និងដែនដីជាសមាជិកទាំង៣៧ បានចូលរួម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្នុងទម្រង់ហាយប្រ៊ីដ ជាទម្រង់មានការចូលរួមដោយផ្ទាល់នៅទីក្រុងហ៊ីម៉ីជី ប្រទេសជប៉ុន និងតាមរយៈប្រព័ន្ធវីដេអូ។
សូមជម្រាបថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានគ្រប់គ្រងឆ្លើយតបយ៉ាងទាន់ពេលវេលា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។ជាពិសេសកម្ពុជា បានខិតខំប្រឹងប្រែង និងស្វះស្វែងប្រកបដោយមហិច្ឆតា ដើម្បីបើកយុទ្ធនាជាតិចាក់វ៉ាក់សាំងកូវីដ១៩ ដោយចាក់ជូនប្រជាជន ចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ស្របតាម «យុទ្ធសាស្រ្តផ្ការីក» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ប្រជាជនចំនួន៨៥.៤៦% នៃប្រជាជនគោលដៅសរុបចំនួន ១៦លាននាក់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង បានទទួលវ៉ាក់សាំងកូវីដ១៩៕