(ភ្នំពេញ)៖ «ដើម្បីសរសេរព័ត៌មានមួយដែលគួរឲ្យចាប់អារម្មណ៍របស់មហាជន គឺអ្នកសារព័ត៌មានត្រូវស្វែងរកភាពប៉ះទង្គិចគ្នានៃសាច់រឿង»។ នេះជាការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ពន្យល់ទៅកាន់សិក្ខាកាម ក្នុងការបន្តវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពអំពីការសរសេរព័ត៌មាន ក្នុងសប្តាហ៍ទី២កន្លងទៅនេះ។
អ្នកជំនាញផ្នែកសារព័ត៌មានជាង៣០ឆ្នាំរូប នេះ បានពន្យល់បន្ថែមថា ព្រឹត្តិការណ៍ខ្លះវាបានកើតឡើងជាទ្រង់ទ្រាយតូចប៉ុណ្ណោះ ដែលរឿងទាំងនោះ អាចមិនសូវទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអាន ឬអ្នកទស្សនានោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនជាយើង (អ្នកសារព័ត៌មាន) ចេះទាញបង្ហាញអំពីផលប៉ះពាល់ ដែលកើតឡើងដោយសារព្រឹត្តិការណ៍នោះ គឺអាចទាញបានចំណាប់អារម្មណ៍របស់អ្នកអាន បានច្រើនជាង។
លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានមួយរូប ដែលធ្លាប់ជាភ្នាក់ងារអោយសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោកក៏បានចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មាន ជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនបានផ្ដល់រហ័សនាមជូនលោកថា «អាត់ជួង» នៅកម្ពុជា ដែលរហ័សនាមនេះ ត្រូវបានហៅដោយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។
នៅក្នុងការបណ្ដុះបណ្ដាលចុងសប្តាហ៍មុននេះ លោក ម៉ារ យ៉ារិទ្ធ បានលើកយកឧទាហរណ៍មកបញ្ជាក់ថា «នៅក្នុងបាតុកម្មទាមទាររបស់ក្រុមអ្នកប្រមូលសម្រាមប្រមាណ៥ ទៅ៧នាក់ តវ៉ាលើបញ្ហាផ្សេងៗ នោះការតវ៉ារបស់គាត់អាចមិនសូវទាញបានចំណាប់អារម្មណ៍លើអ្នកអាន ឬអ្នកទស្សនានោះទេ។ ប៉ុន្តែបើយើងលើកទាញចេញពីបញ្ហាសំរាមដែលត្រូវបានកកកុញនៅលើផ្លូវ នៅមុខផ្ទះ ឬនៅតាមទីសាធារណៈ ដោយសារតែអ្នកប្រមូលសម្រាម កំពុងធ្វើបាតុកម្មតវ៉ា នោះអាចទាញចំណាប់អារម្មណ៍អ្នកទស្សនា និងអ្នកជួយស្វែងរកដំណោះស្រាយបានលឿនរហ័សថែមទៀតផង»។
យ៉ាងណាក៏ដោយក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវចេះបែងចែង និងជ្រើសរើសព្រឹត្តិការណ៍ ដើម្បីយកមកសរសេរជាអត្ថបទព័ត៌មាន ហើយដើម្បីឲ្យការជ្រើសព្រឹត្តិការណ៍មួយបានត្រឹមត្រូវ លោក ម៉ារ យ៉ារិទ្ធ បានបង្ហាញទៅអ្នកចូលរួមអំពីទ្រឹស្តី News Value។ ដោយនៅក្នុងទ្រឹស្ដីនេះ មានចំណុចសំខាន់ៗចំនួន១០ចំណុច ដោយនៅក្នងនោះរួមមាន Timeliness ភាពទាន់ពេលវេលា, Unusualness ភាពខុសប្រក្រតី, Importance សំខាន់, Impact ភាពប៉ះទង្គិច, Consequence ផលលំបាក រឿងខ្លះកើតឡើងនៅពេលនេះដែល វាអាចបង្ករផលប៉ះពាល់នៅពេលក្រោយ, Prominence/celebrity ភាពឆ្នើម ឬល្បីល្បាញ, Proximity ភាពក្បែរ (ភូមិសាស្រ្ត,ទីតាំង, ដំបន់, ចិត្តសាស្រ្ត), Conflict ទំនាស់ និង Prevalence or Currency បច្ចុប្បន្នភាព។
ខាងលើនេះគ្រាន់តែជាការបណ្ដុះបណ្ដាលអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News ឬ Fresh News Training Center ហៅកាត់ថា «FTC» ដែលមានរយៈពេល៣ខែប៉ុណ្ណោះ។ នៅសប្ដាហ៍បន្តបន្ទាប់ ថ្នាក់សិក្សានេះ នឹងឈានទៅបង្រៀនមេរៀនកាន់តែស៊ីជម្រៅ និងមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងវិស័យសារព័ត៌មាន។
មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលជាស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
វគ្គបណ្តុះបណ្តាលលើកដំបូង ធ្វើឡើងរយៈពេល៣ខែ មានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334