(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំលឹកជាលើកចុងក្រោយ ឱ្យប្រជាពលរដ្ឋនានា ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋបានអញ្ជើញ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដី-១៩ ដុសជំរុញ ឬដូសីទី៣ ដែលចាក់ដោឃុំក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញមកទទួលវ៉ាក់សាំង ដែលបង្ហាញឱ្យឃើញពីការចូលរួមចំណែកដ៏មានសារសំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ឱ្យកាន់តែរឹងមាំប្រឆាំងនឹងជំងឺកូវីដ-១៩។
ប៉ុន្តែប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងមិនទាន់សមាមាត្រ នឹងចំនួនតួលេខដែលត្រូវទទួល ចាក់វ៉ាក់សាំងក្នុងមូលដ្ឋានខណ្ឌទាំង១១ ដែលចាក់ដោយក្រុមគ្រូពេទ្យនៃកងយុទ្ធពលខេមរភូមិន្ទ ក្រសួងការពារជាតិ (ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ) នឹងទទួលចាក់ដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត (ខណ្ឌចម្ការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌសែនសុខ) ខណៈពេលដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬដូសីទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌទាំង១១ ខាងលើនេះត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។ នេះជាការបញ្ជាក់របស់អាជ្ញាធរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋមេត្តារួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដុសជំរុញ ឬដុសទី៣ ឱ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាត នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋបាលរាជធានី អំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ ដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្តល់កិច្ចសហការខ្ពស់៕