(ព្រះសីហនុ)៖ កម្លាំងនគរបាលល្បាត នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធសកម្មភាព ស្ទាក់វាយជនបរទេសយកទ្រព្យសម្បត្តិ និងប្រើប្រាស់គ្រឿងញៀន នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីទី១ កម្លាំងនគរបាលបានបង្ក្រាប ជនលក់ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន២នាក់ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅផ្ទះសំណាក់​ គឹមចន្ថា២​ ស្ថិតក្នុងក្រុមទី២០ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង២នាក់រួមមាន ឈ្មោះ ម៉េង ប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតស្រុកព្រៃកប្បាស
ខេត្តតាកែវ (អ្នកលក់ចែកចាយ) និងទី២ឈ្មោះ សាយ ចន្ទ្រា អាយុ២២ឆ្នាំ មានទីលំនៅខណ្ឌទួលគោក (អ្នកប្រើប្រាស់)។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងជំនាញដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន ICE​ ចំនួន៣កញ្ចប់ស្មើនឹង ៤,៥២ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ។

ករណីទី២ កម្លាំងនគរបាលបានបង្ក្រាប និងចាប់ជនសង្ស័យ ប្រើដំបងឈើស្ទាក់វាយជនបរទេស បណ្តាលឲ្យរបួសស្រាលរួចយកសម្ភារៈ នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

កម្លាំងជំនាញស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅផ្ទះជួលក្នុងភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ រួមមានទី១ ឈ្មោះ ប៊ុន ពុធ ហៅខ្មៅ អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់) និងទី២ឈ្មោះ ផុន វ៉ាន់លោត អាយុ១៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលកន្លែងចាប់ខ្លួន (អ្នកទទួលផលចោរកម្មករ)​ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភ្នំ៩៦​ ក្នុងភូមិ៦ សង្កាត់៤ ​ក្រុងព្រះសីហនុ ជនសង្ស័យមានគ្នា២នាក់ បានប្រើដំបងឈើស្ទាក់វាយជនបរទេសឈ្មោះ David Moore​ ភេទប្រុស សញ្ជាតិកាណាដា មុខរបរអ្នកទេសចរណ៍ បណ្តាលឲ្យ
របួសស្រាល រួចយកសម្ភារៈរួមមាន ម៉ូតូ១គ្រឿង ម៉ាកអែប្លែក​ ,ទូរស័ព្ទដៃ១គ្រឿង ​,ipad១គ្រឿង ហើយជនសង្ស័យបាននាំគ្នា គេចខ្លួនបាត់ ។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញក្រោមការបញ្ជាផ្ទាល់ ពីលោកស្នងការ បើកការស៊ើបអង្កេតស្រាវជ្រាវ និងឈាន
ទៅចាប់ខ្លួនជនសង្ស័យបានដូចខាងលើរួមនឹងវត្ថុតាង។ រីឯជនដៃដល់ម្នាក់ទៀតបានកំពុងគេចខ្លួន​​ ប៉ុន្តែបានស្គាល់អត្តសញ្ញាណហើយ ៕