(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថ បានបើកប្រតិបត្តិការហើយឈានទៅដល់ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលជាក្រុមចោរប្រដាប់អាវុធ បានធ្វើសកម្មភាពបាញ់សម្លាប់ ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ប្លន់យកលុយអស់ប្រមាណ២លានរៀល។
សមត្ថកិច្ចបញ្ជាក់ឲ្យ Fresh Newsដឹងថា ជនសង្ស័យ៤នាក់ (២នាក់ធ្វើសកម្មភាព ម្នាក់ទៀតដឹកមកទម្លាក់ និងម្នាក់ទៀតផ្ដល់មធ្យោបាយឲ្យជនដៃដល់) ត្រូវបានចាប់ខ្លួនទាំងអស់ ហើយនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ពួកគេត្រូវបានបញ្ជូនខ្លួន ទៅតុលាការចាត់ការតាមច្បាប់។
ខណៈដែលសមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យ ទៅយកកាំភ្លើងនោះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ ស្រេន ឡាង អាយុ៣៤ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល (អ្នកដឹកមកទំលាក់) និងឈ្មោះសុខស្វិត អាយុ៣២ឆ្នាំ ជាអ្នកផ្ដល់មធ្យោបាយឲ្យជនដៃដល់ខ្ចី ។
ដោយឡែក ជនសង្ស័យ២នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាពត្រូវបានកម្លាំងនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាល ខេត្តមណ្ឌលគិរី តាមទៅចាប់ខ្លួននៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
ជនសង្ស័យទី១ឈ្មោះ អឿន ភេ ភេទប្រុសអាយុ៣៩ រស់នៅភូមិឃុំខាងលើ ជាអ្នកកាន់កាំបិទខ្វេវវាយអំពូលភ្លេីង និងជាអ្នកយកលុយពីប្រពន្ធជនរងគ្រោះ និងទី២ឈ្មោះ ហេង វី ភេទប្រុសអាយុ៣៧ឆ្នាំជាជនដៃដល់កាន់កាំភ្លេីងអាកា ៤៧កាត់ស្វាយ និងជាអ្នកបាញ់ជនរងគ្រោះឲ្យស្លាប់។
សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែង មិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើជនរងគ្រោះជាម្ចាស់ផ្ទះដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ៕