(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ សុខ វណ្ណធី បន្ទាប់ពីស្ត្រីរូបនេះរងបណ្តឹងពីដៃគូរកស៊ីរបស់ខ្លួន រឿងមិនទទួលខុសត្រូវលើប្រាក់វិនិយោគរួមគ្នា។
យោងតាមព័ត៌មានស្ត្រីឈ្មោះ សុខ វណ្ណធី នេះ បានស៊ីដាច់លុយវិនិយោគរួមគ្នាពីដៃគូវិនិយោគរួមគ្នា ហើយត្រូវដៃគូប្តឹងទាមទារប្រាក់វិនិយោគមកវិញ តែឈ្មោះ សុខ វណ្ណធី បានព្យាយាមគេចវេសដោយមិនបានបង់ប្រាក់វិនិយោគទៅដៃគូរបស់ខ្លួនវិញនោះឡើយ។
ក្រោយជួបបញ្ហានេះ ដៃគូវិនិយោគបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅស្ត្រីរូបនេះជាច្រើនសារឱ្យចូលដោះស្រាយបញ្ហានេះ។ តែស្ត្រីរូបនេះ មិនព្រមចូលដោះស្រាយ ទើបឈានដល់តុលាការចេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ស្ត្រីរូបនេះ ត្រូវបាលកម្លាំងនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួននៅថ្ងៃទី២៤ ខែតុលា ហើយត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ៕