(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ប្រចាំនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតែម្ដង។
នេះក៏ដោយសារការរៀបបចំរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងពេលដែលលោកបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ។
គួរជម្រាបថា កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា គឺមានកម្ពស់ ៩.១២ម៉ែត្រ បើធៀបនឹងព្រឹកម្សិលមិញ គឺបានហក់ឡើងបន្ថែម ០.៤៨ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យមានប្រុងប្រយ័ត្ននៅកម្រិត ៧ម៉ែត្រ គិតត្រឹមម៉ោង៤រសៀលនេះ។
សកម្មភាពកន្លងមក ក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមលក្ខណៈ និងចុះអនុវត្តការងារអន្តរាគមន៍ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មកម្ល៉េះ ដោយបានអនុវត្តការងាររួចមួយចំនួន រួមមាន៖
* នៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូចដែលជាផ្នែកមួយជួយរំដោះទឹកជំនន់បានប្រមាណ ១០០ម៉ែត្រគូបក្នុងមួយវិនាទី។
* ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹកប្រឡាយ៩៤ ប្រឡាយ៩៦ និងស្តារព្រែកខ្សេវប្រវែង ២,៥០០ម៉ែត្រ ចេញពីប្រឡាយ៩៤ និងប្រឡាយ៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅតាមព្រែកហូរទម្លាក់ទៅទន្លេបាសាក់។
* លើកពង្រឹងកម្ពស់តួទំនប់តាមបណ្តោយសណ្តរស្ទឹង ត្រង់ទំនាបជាប់ភូមិដ្ឋានប្រជាពលរដ្ឋ មកដល់ពេលនេះ ស្ថិតក្នុងស្ថានភាពកំពុងប្រឈម និងស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ។
ទោះជាយ៉ាងណា ក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងក្រុមការងារកំពុងបន្តការងារអន្តរាគមន៍ ដោយប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈមខាងលើ៕