(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានត្រៀមលក្ខណៈរួចជាស្រេច ទាំងកម្លាំង មធ្យោបាយ សម្ភារៈ ត្រៀមចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលអាចនឹងរងគ្រោះ ដោយសារទឹកជំនន់តាមបណ្តោយស្ទឹងព្រែកត្នោត ដោយសារកម្ពស់ទឹកហក់ឡើងខ្ពស់ ត្រៀមប្រកាសអាសន្ន ប្រកបដោយស្មារតីម្ចាស់ការខ្ពស់។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់តាំងក្រុមការងារចុះត្រួត ពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ព្រមទាំងសិក្សាភូមិសាស្ត្រជាក់ស្តែង ដែលអាចនឹងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅក្នុងខណ្ឌដង្កោ ដើម្បីដាក់ចេញនូវផែនការរំដោះនិងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលាក្នុងករណីមានទឹកជំនន់មកដល់៕