(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតិឲ្យ លោក Song Tao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឃិមបក្សកុម្មុនីសចិន ចូលជួបសំដែងការគួសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងសម្ព័ន្ធភាពដ៏ល្អនៃប្រទេសទាំងពីរ គឺកម្ពុជា និងចិន ព្រមទាំងពេញចិត្តចំពោះការវាយតម្លៃរបស់ភាគីមិត្តចិន ដែលបានមើលឃើញនូវភាពរីកចម្រើនរបស់កម្ពុជា។ សម្តេចបានបន្តថា ការសម្រេចបាននូវ លទ្ឋផលកំណើនសេដ្ឋកិច្ចល្អនេះ គឺអាស្រ័យដោយការជួយជ្រោមជ្រែងពី ភាគីមិត្តចិនដែលមានការជឿជាក់លើកម្ពុជា។
នៅក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំសួរសុខទុក្ខលោកប្រធានាធិបតី Xi Jinping និង លោក Ly Keqiang នាយករដ្ឋមន្រ្តីចិន តាមរយៈលោក Song Tao ហើយសង្ឃឹមយ៉ាងមាំថា ទំនាក់ទំនងចិនកម្ពុជាកាន់តែរឹងមាំល្អថែមទៀត។
ចំនែកភាគីចិន លោក Song Tao បាននាំយកពាក្យសួរសុខទុក្ខពីសំណាក់ ប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) និងលោក លី ខឺឈាង (Ly Keqiang) នាយករដ្ឋមន្ត្រីចិនជូន ចំពោះសម្តេចតេជោ ហើយលោកបានជំរាបជូនសម្តេច អំពីដំណើរទស្សនកិច្ចជាលើកទី៣ នៅកម្ពុជាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែឈានខ្ពស់ឡើងថែមទៀត។
លោក Song Tao បន្តថា ប្រទេសចិនតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អស្មោះត្រង់ និងជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់។ ទន្ទឹមនឹងនេះដែរប្រទេសចិន នឹងបន្តជួយសេដ្ឋកិច្ចកម្ពុជា អោយកាន់តែរីកចម្រើនឡើង។
លោក Song ក៏បានកោតសរសើរ សម្តេចតេជោ ដែលប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ឋទំនាក់ទំនង Facebook ដើម្បីទទួលព័ត៌មានពិត និងកាន់តែជិត ស្និទ្ឋជាមួយប្រជាពលរដ្ឋ។ ប្រទេសចិន និងប្រជាជនចិនគាំទ្រ និងរីករាយស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ជានិច្ច ទោះបីសម្តេច ចង់អញ្ជើញទៅបំពេញទស្សនកិច្ច ទស្សនាកំសាន្ត ពិនិត្យសុខភាព ឬទៅសិក្សាស្រាវជ្រាវអ្វីផ្សេងៗ នៅប្រទេសចិន៕