(ភ្នំពេញ)៖ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទា អ្នកញៀនគ្រឿងញៀន បើកកិច្ចប្រជុំជាលើកទី២ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរដ្ឋមន្ដ្រី ក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នាទីស្ដីការក្រសួងសុខាភិបាល។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា នេះជាកិច្ចប្រជុំលើកទីពីរហើយ ដើម្បីពង្រឹងវិធានការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព ពិសេសសម្រាប់ទិសដៅការងារឆ្នាំ២០១៦នេះ ដែលត្រូវបញ្ចៀសឲ្យបាននូវហានិភ័យ ដែលបណ្ដាលមកពីគ្រឿងញៀន និងដើម្បីដោះស្រាយនូវការព្រួយបារម្ភ ជូនប្រជាពលរដ្ឋ ក្នុងការធានាឲ្យបាននូវសុវត្ថិភាពជាចម្បង។
លោករដ្ឋមន្ដ្រីថ្លែងបន្ដទៀថា បញ្ហាមួយចំនួន យើងមិនទាន់ដោះស្រាយបាននៅឡើយទ ដូច្នេះដើម្បីឆ្លើយតបទៅនឹងគ្រឿងញៀននេះ សូមស្នើដល់ក្រសួងពាក់ព័ន្ធទាំងអស់ ដែលមានទាំងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងស្ថាប័នដទៃ បើមានករណីអ្វីចាំបាច់ សូមកុំចាំតែដល់ពេលបើកកិច្ចប្រជុំនោះទេ គឺអាចរាយការណ៍ភ្លាមៗ ដើម្បីរកដោះស្រាយឲ្យបានឆាប់រហ័សបន្ថែមទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ បានប្រារព្ធធ្វើជាលើកទីពីរហើយ ដែលកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានសម្រេច និងការរកវិធីសាស្ដ្រអនុវត្ដតួនាទី ភារកិច្ច និងដំណើរការនៃការប្រព្រឹត្ដ ទៅមានភាពល្អប្រសើរផងដែរ៕