(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានប្រគល់រថយន្ដសម្រាប់ដឹកវ៉ាក់សាំង ចំនួន៥២គ្រឿងបន្ថែមទៀត ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ ដែលមានប្រជាពលរដ្ឋច្រើន។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា រថយន្ដសម្រាប់ដឹកវ៉ាក់សាំង ដែលត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត នាឱកាសនេះ គឺទិញដោយប្រើប្រាស់ថវិកាជំនួយរបស់សប្បុរសជន តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកស្រីបានបន្ថែមថា រថយន្ដសម្រាប់ដឹកវ៉ាក់សាំងនេះ ត្រូវកម្មង់បញ្ជាទិញមកពីក្រៅប្រទេស ព្រោះរថយន្ដប្រភេទនេះមិនមាននៅស្រុកខ្មែរនោះទេ។ រថយន្ដនេះទៀតសោត មានលក្ខណៈសមស្របសម្រាប់ការដឹកជញ្ជូននូវវ៉ាក់សាំង ដែលនៅផ្នែកខាងក្រោយមានផ្ទុកនៅម៉ាស៉ីនត្រជាក់ ដើម្បីធានាដល់គុណភាពនៃវ៉ាក់សាំង។

បើតាមលោកស្រី ឱ វណ្ណឌីន រថយន្ដនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបម្រើដល់ផលប្រយោជន៍ នៃកិច្ចការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា រហូតមកដល់ពេលនេះ រថយន្ដសម្រាប់ដឹកវ៉ាក់សាំងកូវីដ១៩ សរុបចំនួន១០០គ្រឿងហើយ ដែលត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ ដែលការប្រគល់លើកនេះ ជាលើកទី៤ហើយ៕