(កោះកុង)៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញមុខជនសង្ស័យចំនួន៦នាក់ និងគ្រឿងញៀនទម្ងន់២១២.៤០គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការណ៍រឹបអូសបាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចមាត់ពាមព្រែក ស្រែអំបិល ក្នុងភូមិកំពង់សាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំពោះការបង្ហាញមុនជនសង្ស័យ និងវត្ថុតាំងនេះ គឺមានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកោះកុង, លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងរួម និងមន្ត្រីជំនាញផងដែរ។

លោកឧត្តមសេនីយ៍ គង់ មនោ បានថ្លែងឲ្យដឹងថា មុននិងឈានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់រួមទាំងវត្ថុតាងគ្រឿងញៀនទម្ងន់២៣០គីឡូក្រាមនេះកម្លាំងសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវស៊ើបអង្កេត អស់រយៈពេលយូរខែមកហើយ ទើបតែនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បាននាំកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួននឹងរឹបអូសបានក្នុងលក្ខណៈទ្រុងទ្រាយធំ ដែលពុំធ្លាប់មានសោះសម្រាប់ខេត្តកោះកុង ដែលជនសង្ស័យបានប្រើប្រាស់ទូកខ្នាតធំជាមធ្យោបាយដឹកជញ្ជូន។

លោក ស្នងការនគរបាលខេត្តកោះកុង បានបន្តថា ជនសង្ស័យទាំង៧នាក់ មានស្រីជនជាតិខ្មែរចំនួន៥នាក់ និងជនជាតិថៃចំនួន២នាក់ភេទប្រុស បាន
ដកហូតវត្ថុតាងរួមមាន ម្ស៉ៅម៉តពណ៌ស(ហេរ៉ូអុីន)ចំនួន១០កេះទម្ងន់២១២.៤០គី.ក្រ, រថយន្តម៉ាក ហាយឡែនឌ័រចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៧គ្រឿង និងទូកដឹកទំនិញធុនធំចំនួនគ្រឿង។

លោក ស្នងការនគរបាល បានបញ្ជាក់បន្ថែមទៀតថា ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចំណាត់ការតាមនិតិវិធីច្បាប់៕