(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ អំពីជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។

សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃនេះ បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា ៖ មានសម្ពាធទាបសកម្មមួយ បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។

តាមការព្យាករ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សម្ពាធទាបសកម្មនេះ នឹងវិវត្តជាបន្តបន្ទាប់ទៅជាវិសម្ពាធ ឬ កូនព្យុះ ដោយធ្វើដំណើរចូល ដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ បាតុភូតខាងលើនេះ នឹងថមថយឥទ្ធិពលមកជាសម្ពាធទាប នៅពេលដើរចូលមកដល់ លើភាគខាងត្បូង ប្រទេសកម្ពុជា ។

យោងតាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានស្ថានភាព ដូចខាងក្រោម៖

១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនបង្គួរ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ។

២៖ តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តកំពង់ចាម ។

៣៖ តំបន់មាត់សមុទ្រ៖ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំ ជាមួយខ្យល់កន្រ្តាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន នឹងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕