(ស្វាយរៀង)៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងដាក់ចេញទិសដៅសំខាន់ៗ ដល់អាជ្ញាធរក្រុង ស្រុក ជាពិសេសខិតខំដោះស្រាយបញ្ហាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអោយអស់លទ្ធភាព ។

ការថ្លែងរបស់លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះខណៈ ដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តស្វាយរៀងតាមរយះប្រពន្ធវីដេអូ Zoom។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសក្នុងកំឡុងនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលបានបញ្ចប់ទៅដោយរលូន ការធានាបាននូវសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្រមតាមសារាចរណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា ៖
*១.អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងគ្រប់ចំនួនដូស។
*២. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់ការជួញដួរ និងប្រើប្រាស់គ្រឿងញៀន។
*៣.បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀតដើម្បីកាត់បន្ថយការគ្រោះថ្នាក់នៅលើដងផ្លូវ។
*៤.អាជ្ញាធរ ក្រុង ស្រុក រហូតដល់មូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
*៥.មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដីចុះពិនិត្យទីទួលបុរាណ នៅតាមក្រុងស្រុកដើម្បីចងក្រងទុកជាឯកសារ និងគ្រប់គ្រងជាទ្រព្យសម្បត្តិរបស់រដ្ឋ។
*៦.អាជ្ញាធរក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាលទៅដល់ ប្រជាពលរដ្ឋ”៣កុំ ៣ការពារ’’ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
*៧.រដ្ឋបាលក្រុង ស្រុក និងទីចាត់ការផែនការវិនិយោគសាលាខេត្ត ត្រូវពិនិត្យគម្រោងមូលនិធិក្រុងស្រុក ឃុំ សង្កាត់ ក្នុងការដេញថ្លៃអោយមានតម្លាភាព និងប្រសិទ្ធិភាព៕