(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលស្នើឡើងដដោយរាជរដ្ឋាភិបាល។ ការអនុម័តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោមសំឡេង១០៧លើ១១១រូប។

សម័យប្រជុំរដ្ឋសភានេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយសមាជិកនានារបស់រដ្ឋសភាចំ នួន១១១រូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតច្បាប់នេះ និងតំណាងក្រសួងពាក់ព័ន្ធ ក៏នឹងចូលរួមកិច្ចប្រជុំផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អនុម័ត កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ហើយបានបញ្ជូនមកកាន់រដ្ឋសភា។ បន្ទាប់ពីបានប្រគល់ជូនគណៈកម្មការជំនាញពិនិត្យ និងសិក្សា រដ្ឋសភាបានដាក់បញ្ចូល សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ទៅក្នុងកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តតែម្តង។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍៖ (១) ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្ដើរៗនូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជានាពេលអនាគត, នេះម្យ៉ាង និងម្យ៉ាងទៀត, ប្រភពធនធានថវិកាជាតិនៅមានកម្រិតនៅឡើយ, ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈកាន់តែមានទំហំធំឡើងជាលំដាប់ ()វិបត្តិជំងឺកូវីដ-១៩ កំពុងយាយីនិងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ជាពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ (៣) កិច្ចខិតខំប្រែងក្នុងការបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង “អន្ទាក់នៃថ្លៃ” ដែលអាចកើតឡើងតាមរយៈការចុះកិច្ចសន្យាដែលមានរយៈពេលវែង ដោយមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងហ្មត់ចត់ និង (៤) ការជំរុញកំណើន និងការរក្សាជីវភាពសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើមូលដ្ឋានប្រភពធនធាន និងនវានុវត្តន៍ពីវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាសាធារណៈ។

សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតក្របខណ្ឌគតិយុត្តមួយ ដែលមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព និងបំពេញបន្ថែមនូវនីតិវិធី និងគោលការណ៍ណែនាំចាំបាច់មួយចំនួនទៀត ដែលច្បាប់ស្តីពីសម្បទានមិនមានចែង ដោយម្យ៉ាង គឺដើម្បីធានាបានថា ដំណើរការរៀបចំអភិវឌ្ឍគម្រោង តាមយន្តការភ.រ.ជ ប្រព្រឹត្តទៅដោយអនុលោមតាមក្របខណ្ឌនិងនីតិវិធីរួមមួយ ដែលបានផ្តល់និង/ឬសន្យានឹងផ្តល់ការគាំទ្ររបស់រដ្ឋជាផ្នែកហិរញ្ញវត្ថុនិង/ឬការគាំទ្រផ្សេងទៀត សម្រាប់គម្រោង។

សេចក្តីព្រាងច្បាប់នេះ ក៏ដាក់ចេញផងដែរនូវនីតិវិធីលទ្ធកម្មជ្រើសរើសដៃគូឯកជនដើម្បីអនុវត្តគម្រោងភ.រ.ជ ទីប្រឹក្សាគាំទ្រដល់ការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ក្របខណ្ឌសម្រាប់គ្រប់គ្រង និងតាមដានការអនុវត្តគម្រោងភ.រ.ជ និងយន្តការគាំទ្រហិរញ្ញវត្ថុ ព្រមទាំងការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោងភ.រ.ជ។

សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ ក្នុងការបង្កើតបរិស្ថានអំណោយផល ដើម្បីបន្តជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ថមថយ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។

សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ នេះ ជាច្បាប់ថ្មី ជំនួសឱ្យច្បាប់ស្តីពីសម្បទាន ហើយក៏ពុំមែនជាច្បាប់ស្តីពីវិសោធនកម្មនោះទេ។

ទន្ទឹមនេះ ដើម្បីអនុវត្តតាមបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ឱ្យបានពេញលេញ និងមានលក្ខណៈជាប្រព័ន្ធ ស្របតាមចក្ខុវិស័យដូចមានចែងនៅក្នុងឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភ.រ.ជ សម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ។

សេចក្តីព្រាងច្បាប់នេះ ផ្តល់នូវអត្ថប្រយោជន៍គន្លឹះចំនួន ២ គឺការពង្រីកលំហហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាព និងនវានុវត្តន៍នៃការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងរបស់វិស័យឯកជន៕