(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទមួយពន្យល់ ពីតើអ្វីទៅជាការបញ្ចប់បរធនបាលកិច្ច ? ។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

បរធនបាលកិច្ចត្រូវបានបញ្ចប់ ក្នុងករណីមួយចំនួនដូចជា៖

១៖ ការមកដល់នៃកាលវសាន ដែលកំណត់នៅក្នុងលិខិតបរធនបាលកិច្ច,
២៖ បានសម្រេចគោលបំណងរបស់បរធនបាលកិច្ច,
៣៖ ការសម្រេចដោយឆន្ទានុសិទ្ធិ ឬមតិជាឯកច្ឆន្នរបស់បរធនបាល-ទាយក,
៤៖ តាមសេចក្តីសម្រេចរបស់តុលាការមានសមត្ថកិច្ច ឬ
៥៖ តាមករណីផ្សេងទៀត ដូចមានចែងក្នុងលិខិតបរធនបាលកិច្ច។

នៅពេលបញ្ចប់បរធនបាលកិច្ច បរធនបាលត្រូវប្រគល់របាយការណ៍ នៃការគ្រប់គ្រងបរធនបាលកិច្ច ទៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ឬបញ្ញត្តិករពាក់ព័ន្ធ ដោយលម្អិតអំពីព័ត៌មាន នៃបរធនដែលនៅសល់ ចំណូល ចំណាយ និងព័ត៌មានដែលចាំបាច់ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

បរធនបាលកិច្ច ត្រូវបន្តអានុភាពអនុវត្តរហូតដល់បញ្ចប់ការជម្រះបញ្ជី ហើយដែលអ្នកជម្រះបញ្ជីត្រូវជ្រើសរើសដោយបុគ្គលដែលទទួលខុសត្រូវ ត្រួតពិនិត្យបរធនបាលកិច្ច។

បរធននៅសល់ក្រោយពីការជម្រះបញ្ជី ត្រូវបែងចែក ឬផ្ដល់ឲ្យទៅបរធនបាលទាយក ឬបុគ្គលផ្សេងទៀត ដូចមានចែងក្នុងលិខិតបរធនបាលកិច្ច ឬទុកជាទ្រព្យសម្បត្ដិរដ្ឋ (ច្បាប់ស្ដីពីបរធនបាលកិច្ច ២០១៩)៕