(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រារព្ធកម្មវិធីសប្បុរសធម៌ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក ម៉ម ប៊ុនហេង បានកោតសរសើរចំពោះនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជានិស្សិតឆ្នើមទាំងការសិក្សា ទាំងក្នុងសកម្មភាពកីឡា និងការងារមនុស្សធម៌។ លោកបានសម្តែងមោទនភាពដោយឃើញ និស្សិត ដែលបាបញ្ចប់ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបាននូវចំណេះដឹងជំនាញ និងឥរិយាបទល្អមានការទទួលខុសត្រូវ លើ វិជ្ជាជីវៈខ្ពស់ ការចូលរួមក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា។
ពិសេសបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហើយថ្ងៃនេះនិស្សិត បានចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធីមនុស្សធម៌មួយទៀតនៃ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបង្ហាញអំពីការស្រលាញ់ចេះជួយចែក រំលែក ដល់និស្សិតខ្វះខាត ស្របតាមប្រធានបទយុវជន និងវប្បធម៌ចែករំលែក។
តាមរបាយការណ៍របស់ លោក សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញថា ឆ្នាំនេះជាលើកទីពីរហើយដែល សមាគមនិស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រៀបចំកម្មវិធីសប្បុរសធម៌ ហើយឆ្នាំនេះមានការចូលរួមពីសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងដៃគូរអភិវឌ្ឍន៍ ស.វ.ស ចំនួន១៣ក្រុមហ៊ុន/អង្គភាពសមាគម សាមគមនិស្សិត និស្សិតទាំងអស់នៃសាកលវិទ្យាល័យ ដែលបានចូលរួមជាសកម្មភាពលក់ដូរទំនិញផ្សេងៗ មានពិពណ៌សម្ភារៈការប្រគុំ តន្ត្រីដោយក្រុមនិស្សិត ការលេងល្បែងប្រជាប្រិយនានា និងអាហារដែលជាស្នាដៃរបស់ សមាគមនិស្សិត និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
សូមបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើកទី១បានរៀបចំនៅថ្ងៃទី០៧ ខែមេសាឆ្នាំ២០១៤ ប្រមូលបានថវិកាបាន ជាង១៤លានរៀលសដើម្បីជួយដល់និស្សិតខ្វះខាត ចំនួន០៧រូបសម្រាប់បង់ថ្លៃសិក្សា៕