(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភានឹងបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ក្នុងនោះក៏មានវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយសមាជិកនានារបស់រដ្ឋសភាចំនួន១១១រូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតច្បាប់នេះ និងតំណាងក្រសួងពាក់ព័ន្ធ ក៏នឹងចូលរួមកិច្ចប្រជុំផងដែរ។

ក្នុងកិច្ចប្រជុំពេញអង្គនេះ រដ្ឋសភាបានអនុម័តទាំងស្រុងលើរបៀបវារៈទាំងអស់ ដែលក្នុងនោះមាន៖

១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

២៖ ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

៣៖ ការអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

៤៖ អនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជនជាដើម៕

ខាងក្រោមនេះជាលទ្ធផលទាំងស្រុងនៃកិច្ចប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃនេះ៖