(កំពង់ចាម)៖ ស្ត្រីឈ្មោះ ចេង វណ្ណា រស់នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម បាន ប្តឹងស្ត្រីឈ្មោះ គឹង មណ្និកា ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ដែលគេស្គាល់ថា ជាប្រពន្ធលោកអភិបាលរងស្រុក អូររាំងឪ ពាក់ព័ន្ធករណីខ្ចីខ្សែក យកទៅពាក់ការកូនហើយមិនសងវិញ។
សាច់ញាតិរបស់ស្រី្តជាម្ចាស់ខ្សែក បានប្រាប់ឲ្យដឹងថា ប្រពន្ធលោកអភិបាលរងស្រុកអូររាំងឪម្នាក់ គឺលោកស្រី គឹង មណ្នីកា បានយក ខ្សែករបស់ខ្លួនទៅលក់ឲ្យស្រ្តី ចេង វណ្ណា ទម្ងន់ជាង២តម្លឹងប្លាទីន តម្លៃ២៨៥០ដុល្លារ ដើម្បីយកលុយការកូន។
ក្រោយលក់ខ្សែកនេះឲ្យលោកស្រី ចេង វណ្ណា ហើយនោះលោកស្រី គឹង មណ្និកា គិតថាគ្មានអ្វីពាក់ក្នុងពិធីការកូន ក៏សុំខ្ចីខ្សែកនោះមក វិញហើយសន្យាថាការកូនហើយ និងសងវិញ តែរហូតមកដល់ពេលនេះពុំបានសងនោះទេ រហូតដល់មានការប្តឹងផ្តល់គ្នា ដល់សាលាស្រុកទៀតផង។
បើយោងតាមកំណត់ហេតុសម្របសម្រួលលើកទី២ នៅថ្ងទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៣៖៣០នាទីរសៀល គឺភាគីលោកស្រី គឹង មណ្នីកា ចុងចោទបានបដិសេធថាខ្លួន ពុំបានខ្ចីខ្សែកពីលោកស្រី ចេង វណ្ណា នោះទេ ហើយលុយចំនួន២៨៥០ដុល្លារ ជាលុយកក់ថ្លៃដី។
ចំណែកលោកស្រី ចេង វណ្ណា ដើមចោទបានស្នើសុំលុយ ២៨៥០ដុល្លារនោះមកវិញ។ លោកស្រីថា បើលុយកក់ដីមែននោះតើដី នៅកន្លែងណា ហើយមេភូមិឃុំណាដឹងឮ។
ទោះបីជាយ៉ាងនេះក្តី ប្រភពពីក្រុមការងារចុះពង្រឹងបក្សនៅស្រុកអូររាំងឪ បានបង្ហើបថា លោក សាយ សំអាល់ ប្រធានក្រុមការងារ ធ្លាប់បានបញ្ជាឲ្យលោកអភិបាលរងស្រុក ឆាប់យកខ្សែកប្រគល់ឲ្យ ម្ចាស់ដើមវិញផងដែរ តែរហូតមកដល់ថ្ងៃនេះ នៅមិនទាន់បានសងឲ្យ ម្ចាស់ខ្សែក នៅឡើយទេ។
យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់សុំការបំភ្លឺ ពីភាគីភរិយាលោក អភិបាលរងស្រុក ដែលទទួលរងការចោទប្រកាន់ នៅឡើយទេ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ៕