(ភ្នំពេញ)៖ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខាភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តាមប្រព័ន្ធវីដេអូ ដោយក្នុងនោះលោកបានចែករំលែកបទពពិសោធន៍ចំនួន៥ចំណុច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុខនេះបន្តិច។

សូមបញ្ជាក់ជូនថា នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីសុខាភិបាល ដែលមានប្រទេសនិងដែនដីជាសមាជិកទាំង៣៧ បានចូលរួម
ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្នុងទម្រង់ហាយប្រ៊ីដ ជាទម្រង់មានការចូលរួមដោយផ្ទាល់នៅទីក្រុងហ៊ីម៉ីជី ប្រទេសជប៉ុន និងតាមរយៈប្រព័ន្ធវីដេអូ។

*ទី១៖ សម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិតកាសាយ និងក្រុមការងាររបស់អង្គការសុខភាពពិភពលោក។ កម្ពុជាគាំទ្រឯកសារ «ចក្ខុវិស័យសម្រាប់អនាគត» ដែលប្រទេសជាសមាជិកបានអនុម័តកាលពី ២ឆ្នាំមុន ហើយវានៅតែជាគោលការណ៍ណែនាំសម្រាប់អនុវត្តការងាររបស់ប្រទេសជាសមាជិក។

*ទី២៖ កម្ពុជាគឺជាប្រទេសតូចតែមានបេះដូងទូលាយ។ កាលពីឆ្នាំមុនកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនូវការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយមានការឆ្លងតិចជាង ៥០០ករណី និងមិនមានអ្នកស្លាប់ឡើយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការគាំទ្រពីគ្រប់វិស័យ និងសង្គមទាំងមូល ប្រទេសកម្ពុជានៅតែអាចបន្តគ្រប់គ្រងឆ្លើយតបជំងឺកូវីដ១៩ បាន។

*ទី៣៖ ដូចបណ្តាប្រទេសដទៃទៀតដែរ វីរុសកូវីដ១៩ នៅតែបន្តចរាចរនៅក្នុងប្រទេសកម្ពុជា។ យើងកំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការចម្លងមេរោគ រួមជាមួយការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ។ ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលនៃការកែសម្រួលយុទ្ធសាស្ត្រ ឆ្លើយតបនឹងជំងឺកូវីដ១៩ ដើម្បីរៀនពី «របៀបរស់នៅជាមួយមេរោគ» ខណៈអនុញ្ញាតឱ្យបើកដំណើរការសាលារៀន និងសេដ្ឋកិច្ចឡើងវិញដោយសុត្ថិភាព។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ចង់ចែករំលែកកត្តាសំខាន់ ចំនួន៤ ដែលរួមចំណែកដល់ភាពជោគជ័យក្នុងការឆ្លើយតបរបស់កម្ពុជា។

-ទីមួយ៖ ភាពជាអ្នកដឹកនាំក្នុងសម្រេចចិត្ត និងអភិក្រមការចូលរួមរបស់រាជរដ្ឋាភិបាលទាំងមូល
-ទីពីរ៖ ការវិនិយោគលើសន្តិសុខសុខភាព និងប្រព័ន្ធសុខាភិបាល
-ទីបី៖ ការចូលរួមជាសាធារណៈ ការចូលរួមរបស់សហគមន៍ និងបុគ្គល
-ទីបួន៖ សាមគ្គីភាព និងភាពជាដៃគូ។

*ទី៤៖ កម្ពុជាបានខិតខំប្រឹងប្រែង និងស្វះស្វែងប្រកបដោយមហិច្ឆតា ដើម្បីបើកយុទ្ធនាជាតិចាក់វ៉ាក់សាំងកូវីដ១៩ ដោយចាក់ជូនប្រជាជន ចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ស្របតាម «យុទ្ធសាស្រ្តផ្ការីក» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ប្រជាជនចំនួន៨៥.៣៦% នៃប្រជាជនគោលដៅសរុបចំនួន ១៦លាននាក់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង បានទទួលវ៉ាក់សាំងកូវីដ១៩។

និងទី៥៖ ការបញ្ឈប់ជំងឺរាតត្បាតនេះ គឺជាគោលដៅរួមរបស់យើង។ សន្តិភាព សន្តិសុខសង្គម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាកត្តាចាំបាច់។ ប្រទេសកម្ពុជាកំពុងធ្វើការរួមគ្នាជាមួយប្រទេសនានា អង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់តែប្រសើរ ឆ្ពោះទៅរកពិភពលោកប្រកបដោយសុខភាព និងសុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោកជាពិសេសជូនចំពោះលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់នៃតំបន់ប៉ាស៊ីហ្វិកខាងលិច និងប្រទេសជាសមាជិកទាំងអស់ ដែលបានសហការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកំពុងធ្វើដំណើរឆ្ពោះទៅរកអនាគតល្អប្រសើរទាំងអស់គ្នា៕

តាមនៃការចូលរួមក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសុន្ទរកថា ចែករំលែកនូវបទពិសោធន៍ស្តីពី «ការប្រយុទ្ធនឹងជំងឺកូវដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលមានខ្លឹមសារសំខាន់ៗ ដូចតទៅ៖