(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា អនុម័តច្បាប់វិសោធនកម្មនៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីកំណត់សញ្ជាត្តិខ្មែរតែមួយ ចំពោះតួនាទី ជានាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភា ជាប្រធានរដ្ឋសភា និងជាប្រធានក្រុប្រឹក្សាធម្មនុញ្ញ គឺជាការបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្ររបស់ពួកអ្នកនយោបាយឱកាសនិយមដែលយកសញ្ជាត្តិបរទេសជាធំ ជាសំខាន់ជាងសញ្ជាត្តិខ្មែររបស់ខ្លួន។

តាមរយៈហ្វេសបុក លោកសួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា៖ ព្រឹត្តិការណ៍អនុម័តច្បាប់វិសោធនកម្មនៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីកំណត់សញ្ជាត្តិខ្មែរតែមួយ ចំពោះតួនាទី ជានាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភា ជាប្រធានរដ្ឋសភា និងជាប្រធានក្រុប្រឹក្សាធម្មនុញ្ញ នៅព្រឹកនេះគឺជា ៖

១៖ ផ្តល់នូវយុត្តិធម៌មួយយ៉ាងពេញលេញជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរងនូវការចោទប្រកាន់លាបពណ៌ពីសំណាក់ពួកអ្នកនយោបាយរត់ចោលស្រុកមកលើ សម្តេច យ៉ាងមហាអយុត្តិធម៌ថា សម្តេចទិញសញ្ជាត្តិបរទេស ។

២៖ បិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្ររបស់ពួកអ្នកនយោបាយឱកាសនិយមដែលយកសញ្ជាត្តិបរទេសជាធំ ជាសំខាន់ជាងសញ្ជាត្តិខ្មែររបស់ខ្លួន ហើយដែលមានបំណងចូលមកធ្វើនយោបាយប្រកួតដណ្តើមយកតួរនាទីជាប្រធានស្ថាប័នជាតិកំពូលទាំង ៤ ដូចមានចែងក្នុងច្បាប់នេះ ដើម្បីទុកសញ្ជាត្តិបរទេសរបស់ខ្លួនជាច្រកឲ្យបរទេសដែលជ្រោមជ្រែងខ្លួនចូលមកលូកដៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។

៣៖ មរតកច្បាប់ដ៏មានតម្លៃបំផុតក្នុងសម័យ សម្តេចតេជោ ដើម្បីទុកឲ្យអ្នកនយោបាយបន្តវេនជំនាន់ក្រោយ គេចផុតពីការចោទប្រកាន់ លាបពណ៌លើបញ្ហាលួចលាក់មានសញ្ជាត្តិបរទេស និងកុំឲ្យមានការឆ្លៀតឱកាសពីពូជអ្នកបន្តវេននយោបាយរត់ចោលស្រុកយកបញ្ហាដដែលៗនេះមកដុតកកូរស្ថានការណ៍នយោបាយតទៅទៀត ។

៤៖ លើកតម្កើងតម្លៃសញ្ជាត្តិខ្មែរឲ្យកាន់តែខ្ពស់ត្រដែត សម្រាប់ប្រជាជាតិខ្មែរ និងអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចរកឃើញនិងជ្រើសរើសបាននូវអ្នកនយោបាយនិងអ្នកដឹកនាំខ្មែរជាតិនិយមពិតប្រាកដ ដែលមិននិយមបរទេស ឲ្យមកកាន់ដំណែងនៃស្ថាប័នជាតិកំពូលរបស់កម្ពុជា ដើម្បីកាច់ចង្កូតដឹកនាំនាវាប្រទេសជាតិ ។

លោកបានបញ្ជាក់បន្ថែមថា ដូចនេះ ចាប់ពីថ្ងៃនេះតទៅគឺកម្ពុជា មានច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញមួយ ដែលឈរលើស្មារតិជាតិខ្មែរនិយម ដើម្បីការពារផលប្រយោជន៍ជាតិ ការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងការពារមាតុភូមិសន្តិភាព ឲ្យមានសន្តិភាពជាអមតៈ !។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ ដោយ១១១សំឡេង លើ១១១សំឡេង ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោមសំឡេងគាំទ្រ១១១/១១១សំឡេង។

សម័យប្រជុំពេញអង្គរដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយសមាជិកនានារបស់រដ្ឋសភាចំ នួន១១១រូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតច្បាប់នេះ និងតំណាងក្រសួងពាក់ព័ន្ធ ក៏នឹងចូលរួមកិច្ចប្រជុំផងដែរ៕