Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រខ្មែរ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ

08-04-2016 03:54

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានថ្វាយលិខិត ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខាងមុខនេះ។

លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦នេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រះបារមី អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមព្រះមេត្តាប្រោះព្រំនូវ ព្រះពរជ័យ សិរីសួស្តី ជ័យមង្គលថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រកម្ពុជា ជាដរាបតរៀងទៅ»