(ហាណូយ)៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ដែលទើបឡើងកាន់តំណែង បានស្បថដោយបញ្ចេញសំឡេងខ្លាំងៗថា លោកនឹងការពារឯងរាជ្យ អធិបតេយ្យភាពនិងមរណភាពទឹកដី ដាច់ខាតមិនឲ្យមានការឈ្លានពានពីសំណាក់បច្ចាមិត្រ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦។
ថ្លែងក្នុងនាមជានាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី លោក Nguyen Xuan Phuc បានស្បថថា «ដាច់ខាតត្រូវតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីរបស់វៀតណាម ឱ្យខានតែបាន។ ជាពិសេសគឺស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាជន និងរដ្ឋធម្មនុញ្ញ ព្រមទាំងសន្យាធ្វើកំណែទម្រង់ និងប្រឆាំងអំពើពុករលួយ»។
មុនក្លាយជានាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រូវបានរដ្ឋាភិបាលវៀតណាមតែងតាំងជាអភិបាលខេត្ត Quang Nam និងក្រោយមកក្លាយជាឧបនាយករដ្ឋមន្ត្រី ហើយក៏ត្រូវបានជ្រើសរើសចូលជាគណៈកម្មការមជ្ឈិមរបស់បក្សកុំម្មុយនីស្ដវៀតណាម និងក្រោយមកក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ផងដែរថា លោក Nguyen Xuan Phuc នៅក្នុងវ័យ៦១ឆ្នាំ ត្រូវបានសភាជាតិវៀតណាម បោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីជំនួសលោក Nguyen Tan Dung នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសាម្សិលមិញ ក្នុងសំឡេងគាំទ្រ៤៤៦ ក្នុងចំណោមសមាជិកសភា៤៩០៕