(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការសាខា និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ មកចែកជូនក្មួយៗកម្មករកម្មការិនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ចំនួន៣៧២៦នាក់ ក្នុងស្រុកក្រគរ។

ពិធីនេះត្រូវបានធ្វើឡើង ចំនួន៣ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នាល្ងាចថ្ងៃទី២៣ សម្រាប់ក្មួយៗកម្មករកម្មការិនី រស់នៅក្នុងឃុំអូរសណ្តាន់ ចំនួន៧៨៣នាក់ នៅសាលាបឋម និងអនុវិទ្យាល័យពុទ្ទ្រាម, ព្រឹកថ្ងៃទី២៤ សម្រាប់ក្មួយៗកម្មករការិនី រស់នៅក្នុងឃុំត្នោត និងឃុំបឹងកន្ទួត ចំនួន១៣៩២នាក់ នៅវិទ្យាល័យហ៊ុនសែន១០មករាបឹងកន្ទួត និងល្ងាចថ្ងៃដដែល សម្រាប់ក្មួយៗកម្មករកម្មការិនី រស់នៅក្នុងឃុំស្នាអន្សារ និងឃុំអន្លង់ត្នោត ចំនួន១៥៥១នាក់ នៅរោងចក្រខ្សែកាប។

លោក ជាវ តាយ និងលោក កែវ រតនៈ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗកម្មករកម្មការិនី ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ នេះគឺជាពេលវេលាដ៏ល្អមួយ ដែលលោក ជាវ តាយ បានមកបង្ហាញមុខ ចំពោះមុខប្រជាពលរដ្ឋ ក្នុងឱកាសដែលឯកឧត្តមទើបបានចូលមកកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ជាក់ស្តែងក្មួយៗកម្មករកម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក្រគរ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រួលការលំបាកបានមួយគ្រា ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ ថ្នាក់ដឹកនាំទាំង២ បានជម្រាបជូនថា ស្ថិតក្នុងកាលៈទេសៈនៃជំងឺនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងតម្លើងប្រាក់គោលអប្បបរមា ដល់កម្មករនិយោជិក សម្រាប់ឆ្នាំ២០២២ បន្ថែម០២ដុល្លារទៀត សរុប១៩៤ដុល្លារ ក្នុងមួយខែ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យបានមួយកម្រិត ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

លោក ជាវ តាយ និងលោក កែវ រតនៈ មានប្រសាសន៍ទៀតថា ដោយសារគោលនយោបាយដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដើរតួយ៉ាងសំខាន់ ក្នុងការស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស ហើយបើប្រៀបធៀបនឹងប្រទេសសាំងហ្គាពួរ យើងចាក់សឹងតែ១០០% ដែលកិច្ចការនេះយើងនឹងអាចឈានទៅបើកប្រទេសឡើងវិញ ហើយក៏បន្តបើកសេវាកម្មបន្ថែមទៀតផងដែរ។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យក្មួយៗកម្មករកម្មការិនីទាំងអស់ ចូលរួមជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ , ចំពោះក្រុមការងារ ក៏ដូចជាអាជ្ញាធរប្តេជ្ញាសហការស្វែងរកអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីមកអភិវឌ្ឍន៍ក្នុងទឹកដីខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកក្រគរទាំងមូល។

អំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ចែកជូនក្មួយៗកម្មករកម្មការិនី ទាំង៣ទីតាំង ចំនួន៣៧២៦នាក់ ក្នុងម្នាក់ៗទទួលបានអង្គរ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ម៉ាស់១ប្រអប់ និងថ្នាំសង្កូវមួយចំនួន៕