(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវឲ្យពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីបង្ការ និងបញ្ជៀសការខូចខាតនានា ដែលបង្ករឡើងដោយជំនន់ទឹកភ្លៀង នៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌកំបូល បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ស្តីពីស្ថានភាពទឹកភ្លៀងនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្ថានភាពភ្លៀងធ្លាក់នាប៉ុន្មានថ្ងៃជាប់ៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលស្ថានភាពទឹកភ្លៀងនេះបានហូរធ្លាក់ពីតំបន់ប្រជុំភ្នំនានា មកក្នុងដងស្ទឹងព្រែកត្នោត ធ្វើឲ្យកម្រិតទឹកស្ទឹងព្រែកត្នោតកើនឡើងខ្ពស់បង្ករជាជំនន់ទឹកភ្លៀង ដែលនឹងបន្តហូរចាក់ទៅទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងនោះត្រូវហូរឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញផងដែរ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្តរស្ទឹងនៅពេលនេះ។

ស្ថិតក្នុងស្ថានភាពនេះ ដោយអនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឹងម៉ាត់ហ្មត់ចត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរដល់សន្តិសុខ សុវត្ថិភាព សុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងដើម្បីបញ្ជៀសនូវការខូចខាតទ្រព្យសម្បត្តិ សម្ភារៈ និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វពាហនៈ ជាយថាហេតុ ដែលបណ្តាលមកពីគ្រោះមហន្តរាយ ធម្មជាតិជំនន់ទឹកភ្លៀង បង្ករដោយការកើនឡើងនៃកម្រិតទឹកស្ទឹងព្រែកត្នោត។

ក្នុងន័យនេះ ដើម្បីចូលរួមបង្ការ និងបញ្ជៀសនូវការខូចខាត ដូចបានរៀបរាប់ខាងលើ រដ្ឋបាលខណ្ឌកំបូល បានរំលឹកប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំកុមារតូចៗ ចាស់ជរាដែលកំពុងរស់នៅក្នុងបន្ទុក និងត្រូវរៀបចំទុកដាក់ទ្រព្យសម្បត្តិ សម្ភារៈឲ្យបានគត់មត់ល្អ មានសុវត្ថិភាព ព្រមទាំងត្រូវទុកដាក់ឲ្យបានខ្ពស់ផុតពីកម្រិតកម្ពស់ទឹកដែលជាបទពិសោធន៍នៃការលិចលង់កន្លងមក ជាពិសេសត្រូវចូលរួមសហការត្រៀមសម្ភារៈសង្គ្រោះដែលមានស្រាប់ដូចជាទូកចម្លងទៅកាន់ទីតាំងសុវត្ថិភាពក្នុងករណីចាំបាច់ និងសហការផ្តល់ព័ត៌មានស្តីពីស្ថានភាពទឹកស្ទឹងព្រែកត្នោត ជាមួយមន្ត្រីខណ្ឌ សង្កាត់ ដើម្បីអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា៕