(កណ្តាល)៖ ក្រោយការចុះធ្វើរយៈពេល៥ថ្ងៃកន្លងទៅនេះ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចំរុះជាច្រើននាក់ បានបន្តយុទ្ធនាការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យ និងឃាត់រថយន្តដឹកដី ដឹកថ្ម ដឹកក្រួស និងដឹកខ្សាច់ជាដើម ដែលមិនធ្វើឡើងតាមលក្ខណ:បច្ចេកទេសត្រឹមត្រូវ គឺត្រូវឃាត់ទុក ជាបណ្តោះអាសន្ន រង់ចាំមានដំណោះស្រាយបន្តទៀត។
យុទ្ធនាការទ្រង់ទ្រាយធំ ដែលធ្វើឡើងនៅលើផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្ត ព្រមទាំងកម្លាំងនគរបាលជាច្រើននាក់ផ្សេងទៀត។
សម្រាប់យុទ្ធនាការចុះត្រួតពិនិត្យនារយៈពេល៥ថ្ងៃនេះ រថយន្តដឹកដី ដឹកក្រួស ដឹកខ្សាច់ និងដឹកថ្ម ចំនួន១០៨គ្រឿងត្រូវបានឃាត់ទុក ក្រោយពិនិត្យទៅឃើញថា ការដឹកជញ្ជូនធ្វើឡើងមិនតាមលក្ខណ:បច្ចេកទេសត្រឹមត្រូវ។
លោក ឌិត ទីណា បានថ្លែងប្រាប់អ្នកយកព័ត៌មានថា សម្រាប់យុទ្ធនាការនៅពេលនេះ ដែលធ្វើឡើងតាមបទបញ្ជា ក៏ដូចជាការជូនដំណឹងរបស់លោករដ្ឋមន្រ្តី នាពេលកន្លងទៅ គឺត្រូវត្រួតពិនិត្យរថយន្តទាំងនេះ ដោយតម្រូវឲ្យការផ្ទុកដី ខ្សាច់ ក្រួស និងថ្មជាដើម មិនត្រូវឲ្យហួសពីទ្រុងរថយន្តនោះទេ, ម្ចាស់អាជីវកម្មត្រូវធ្វើការគ្របដី គ្របខ្សាច់ ក្រួស និងថ្មឲ្យជិត ជៀសវាងការធ្លាក់រាយប៉ាយ នាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៌ដល់ប្រជាពលរដ្ឋ ឬសត្វ និងបរិស្ថាន, ម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមការជួសជុលផ្លូវ និងសំអាតផ្លូវ បើសិនការដឹកជញ្ជូនរបស់ខ្លួន បានធ្វើឲ្យប៉ះដល់ស្ថានភាពផ្លូវទាំងនោះ។
លោក ឌិត ទីណា បានបញ្ជាក់ទៀតថា មន្ទីររ៉ែ និងថាមពលតាមបណ្តារាជធានីខេត្ត ត្រូវបន្តចុះត្រួតពិនិត្យបញ្ហានេះបន្តទៀត យ៉ាងមឺុងម៉ាត់ ហើយបើសិនរកឃើញថា ម្ចាស់អាជីវកម្មណាដែលមិនព្រមស្តាប់ និងបន្តធ្វើទៀតនោះត្រូវចុះទៅបិទអាជីវកម្មជាបណ្តោះអាសន្ន ព្រមទាំងធ្វើការដកហូតយកអាជ្ញាប័ណ្ណ ។ ក្នុងករណីដែលម្ចាស់អាជីវកម្មទាំងឡាយណាប្រព្រឹត្តបទល្មើសត្រឹម៣ដង ក្នុងរយៈពេលមួយឆ្នាំនោះ ត្រូវចុះបិទអាជីវកម្មតែម្តង ។
លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានបញ្ជាក់ផងដែរ សម្រាប់រថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកក្រួសទាំងនេះ មានរថយន្តមួយគ្រឿងរបស់ក្រុមហ៊ុន នឹម ម៉េង ដែលគ្មានលក្ខណ:បច្ចេកទេសទាំងកង់ និងការដឹកជញ្ជូន ដូច្នេះត្រូវចាប់ឃាត់ទុកតែម្តង។
បើតាមលោក ឌិត ទីណា យុទ្ធនាការនេះ នឹងធ្វើឡើងទូទាំងប្រទេសតែម្តង ដោយចាប់ផ្តើមពីខេត្តកណ្តាលទៅ៕
Posted by Fresh News Photo on Thursday, April 7, 2016