(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល (ACE) នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំពិធីចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់ទាំង០៥ ចំនួន ១១០នាក់ ក្រោមវត្តមាន លោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ម៉ៅ ស្រេង នាយកមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល (ACE) ។

ក្នុងឱកាសនេះ លោកស្រី កែវ សាម៉ុល សម្តែងក្តីសោមនសរីករាយយ៉ាងក្រៃលែង ចំពោះមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល (ACE) ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌចំការមននេះ ខណៈអំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាសក្ខីភាព មួយដែលសបញ្ជាក់ឲ្យឃើញថា ជាការជួយសង្គ្រោះដោយគ្មានការប្រកាន់ទៅលើសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលធ្វើឡើងដោយទឹកចិត្តអាណិត ស្រាលាញ់ រាប់អាន។

លោកស្រីអភិបាលរងខណ្ឌ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

លោក ស៊ុន សុទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយដែលចែកជូនដល់ពលរដ្ឋ ក្នុងម្នាក់ទទួលបាន៖
- អង្ករ ០១បាវ ទម្ងន់ ២០គីឡូក្រាម
- មី ០១កេស
- ត្រីខ ១០កំប៉ុង
- ទឹកត្រី ០២ដប
- ទឹកស៉ីអ៉ីវ ០២ដប
- ឃីដ ០១( អាវ ០១, ម៉ាស ០១ប្រអប់, សៀវភៅ ៥ក្បាល, បំពង់ទឹកក្ដៅ ០១, កែវទឹក ០១, សាប៊ុ ០១ដុំតូច, ប៊ិច ០៥ដើម, ជ័រលុប ០៥) ៕