(ភ្នំពេញ)៖ ច្បាប់វិនិយោគថ្មី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហត្តលេខា ប្រកាស់ដាក់ឲ្យប្រើប្រាស់ហើយ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១។

ច្បាប់នេះបានផ្តល់នូវសិទ្ធិអំណាច ដល់រដ្ឋបាលរាជធានី-ខេត្ត ឬហៅម្យ៉ាងទៀតថា អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានវិសាលភាពកាន់តែទូលំទូលាយជាងមុន ដោយអាចអនុម័តនូវគម្រោងវិនិយោគ ដែលមានទុនវិនិយោគក្រោម ៥លានដុល្លារអាមេរិក។ តាមការវាយតម្លៃគម្រោងវិនិយោគ ដែលមានទុនក្រោម៥លានដុល្លារ មានប្រមាណជា៧០ភាគរយនៃគម្រោងវិនិយោគសរុប។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការផ្តល់សិទ្ធិអំណាចឲ្យរដ្ឋបាលរាជធានី-ខេត្ត អាចអនុម័តលើសំណើវិនិយោគទំហំទុនក្រោម៥លានដុល្លារចុះ ជាការបង្ខិតឲ្យមានរោងចក្រ សហគ្រាស ទៅតាមបណ្តាខេត្តកាន់តែច្រើន ពាសពេញផ្ទៃប្រទេស ដែលនឹងចូលរួមកាត់បន្ថយភាពក្រីក្រ នៅតាមទីជនបទផងដែរ។

លោកឧកញ៉ាថា សំណើវិនិយោគត្រូវដាក់ស្នើនៅច្រកចេញចូលតែមួយខេត្ត ហើយការអនុម័តមានថេរវេលា ដូចច្បាប់វិនិយោគថ្មី ដែលបានកំណត់ចំនួនរយៈពេល២០ថ្ងៃ។

ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំថាចំណុចនេះល្អបំផុត (ការផ្តល់សទិ្ធដល់រដ្ឋបាលរាជធានី-ខេត្តអនុម័តគម្រោងវិនិយោគ) ដែលអាចបង្ខិតរោងចក្រសហគ្រាសទៅដល់មូលដ្ឋានតាមបណ្ដាខេត្តទូទាំងប្រទេស [...] នេះចំណុចល្អ ដែលវិស័យឯកជនចង់បាន ព្រោះអី វាជាការមួយចូលរួមកាត់បន្ថយភាពក្រីក្រ នៅតាមទីជនបទ»

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានគូសបញ្ជាក់ថា នៅពេលណាមានរោងចក្រសហគ្រាស មាននៅតាមទីជនបទនោះ នឹងធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅទីនោះ មិនចាំបាច់ចំណាកស្រុក មកកាន់រាជធានីភ្នំពេញ ឬក៏ទៅក្រៅប្រទេសនោះឡើយ។

ជាមួយគ្នានេះ ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា លោកសូមចូលរួមអបអរសាទ ក៏ដូចជាវិស័យឯកជនទូទាំងប្រទេស ដែលទន្ទឹមរង់ចាំនូវច្បាប់វិនិយោគថ្មី ដែលបានដាក់ឲ្យប្រើប្រាស់។

ឧកញ៉ា លឹម ហេង បានថ្លែងថា «ខ្ញុំយល់ឃើញថា ច្បាប់វិនិយោគថ្មីនេះចេញចំពេល ដែលយើងទទួលបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ទន្ទឹមនឹងយើងនៅតែមាន EBA និង GSP ជាមួយសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក»

ឧកញ៉ា លឹម ហេង បានអះអាងថា EBA និង GSP បានធ្វើឲ្យច្បាប់វិនិយោគថ្មី អាចទាក់ទាញវិនិយោគបន្ថែមកាន់តែច្រើនទៀត មកកាន់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺតំណភ្ជាប់រវាងអ្នកវិនិយោគ រោងចក្រសហគ្រាសទាំងអស់នោះ ជាមួយសហគ្រាសធុនតូច និងមធ្យម។

លោកឧកញ៉ាបានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះ បានលើកទឹកចិត្ត ដែលអាចឲ្យសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកវិនិយោគ ក្នុងស្រុក អាចផ្តល់វត្ថុធាតុដើម ដល់រោងចក្រសហគ្រាសទាំងនោះ តាមរយៈការលើកលែងពន្ធនៅអាករលើតម្លៃបន្ថែម (VAT) ដែលជាចំណុចសំខាន់ អាចតំណរភ្ជាប់ជាមួយសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាយកវត្ថុធាតុដើម ក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់បន្ថែមក្នុងការនាំចេញ៕