(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងស្ថាប័នរដ្ឋចំនួន៧រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីរៀបចំការប្រឡង ជ្រើសរើសមន្ត្រីរាជការចូលបំរើការងាររដ្ឋសម្រាប់ក្របខ័ណ្ឌឆ្នាំ២០២១។

មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ៥៥៧៧នាក់ ស្រីចំនួន ២៦៦៨នាក់ ត្រូវបានគណៈកម្មការចំរុះរៀបចំប្រឡងនៅតាមមណ្ឌលប្រឡងទាំង៣គឺ មណ្ឌលវិទ្យាល័យបាក់ទូក មណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងមណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រឡងនេះត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ ដោយមានកិច្ចសហការចូលរួមពីកម្លាំងសរុបនៃស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមទាំងផ្នែកអប់រំ សុខាភិបាល។ល។ ចំនួនប្រមាណ ១០០០នាក់ដើម្បីសម្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ធានាបានសុវត្ថិភាព បង្ការជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល ដែលតម្រូវឱ្យបេក្ខជនម្នាក់ៗបញ្ជាក់ថាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ។

សូមបញ្ជាក់ថា ដោយមានកិច្ចសហការគាំទ្រពីក្រសួងមុខងារសាធារណៈ ក្រសួងស្ថាប័នមួយចំនួនទៀតក៏បាន និងកំពុងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបំរើការងាររដ្ឋសម្រាប់ក្របខ័ណ្ឌឆ្នាំ២០២១នេះផងដែរ ដោយរៀបចំដំណើរការតាមវិធីប្រឡងដោយផ្ទាល់ និងវិធីប្រឡងតាមអនឡាញ (Online)។

ជារួមការជ្រើសរើសមន្ត្រីចូលបំរើការងាររដ្ឋតាមរយៈការប្រឡងប្រជែងក្នុងស្ថានភាពជាក់ស្ដែងតាមគន្លងប្រក្រតីភាពថ្មីនៃកូវីដ-១៩គឺជាការប្ដេជ្ញាចិត្តជម្រុញអនុវត្តជាក់ស្ដែងនូវកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីកសាងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័នតាមបែបគុណាធិបតេយ្យសំដៅចូលរួមចំណែកឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុបំរើប្រជាជន និងប្រទេសជាតិ៕