(ភ្នំពេញ)៖ យោងតាមលិខិតរបស់ក្រសួងយុត្តិធម៌ ចំនួន២ទំព័រ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិចនាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួង និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានសម្រេចលើកពេលការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ទៅក្នុងឱកាសបុណ្យពិសាខបូជាវិញ។
នៅក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ «គណៈកម្មការថ្នាក់ជាតិបានទទួលសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសរបស់គណៈកម្មការថ្នាក់ រាជធានី-ខេត្ត ក្នុងឱពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦ ចំនួន១២ខេត្ត ដែលក្នុងចំណោមសំណើទាំងនេះ គណៈកម្មការថ្នាក់ជាតិបានពិនិត្យឃើថា សំណើមួយចំនួនពុំទាន់អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងការរៀបចំឯកសារមិនបានត្រឹមត្រូវទៅតាមគោលការណ៍ និងទម្រង់លក្ខខណ្ឌដែលមានចែង ក្នុងបទបញ្ញត្តិច្បាប់ជាធរមាននៅឡើយ រួមទាំងកង្វះខាតព័ត៌មាន នៃសំណុំឯកសាររបស់ទណ្ឌិតមួយចំនួនផងដែរ»។
ដូច្នេះក្រសួងយុត្តិធម៌ សម្រេចលើកពេលការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ទៅក្នុងឱកាសបុណ្យពិសាខបូជាវិញ៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នៅខាងក្រោម៖