(ឧត្តរមានជ័យ)៖ លោក គីម សុផារុន ប្រធានក្រុមការងារយុវជនបក្សចុះជួយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើកទឹកចិត្តឱ្យយុវជនបក្ស ត្រូវមានភាពក្លាហានចូលរួមក្នុងការគៀងគរយុវជនថ្នាក់ភូមិ ផ្សព្វផ្សាយគោលនយោបាយបក្ស ផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ស្របតាមគោលការណ៍គណបក្សដែលមានស្រាប់។

ការលើកទឹកចិត្តបែបនេះ របស់លោក គីម សុផារុន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងទេសរដ្ឋ គន់ គីម សមាជិកអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោក ងួន ទ្ធិរិទ្ធិ ប្រធានយុវជនបក្សស្រុកអន្លង់វែង បានបន្តចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្ស និងយុវជនបក្សឃុំលំទង ឃុំត្រពាំងតាវ និងឃុំត្រពាំងប្រិយ៍ ដោយមានសមាសភាពចូលរួមសរុបចំនួន៨៦នាក់ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

លោក គីម សុផារុន បានកោតសរសើរចំពោះការបំពេញបេសកម្មនាពេលកន្លងមក និងគាំទ្ររាល់សកម្មភាពរបស់យុវជនបក្សឃុំ ដែលបាននឹងកំពុងបន្តអនុវត្ត ស្របតាមរបៀបរបបការងារដែលមានស្រាប់នាពេលនេះ។

ក្នុងឱកាសនោះដែរ លោក គីម សុផារុន ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក ពីសំណាក់លោក គន់ គីម ដល់បងប្អូនសមាជិក សមាជិកា យុវជនគណបក្ស និងប្រជាពលរដ្ឋ ដោយក្តីនឹករលឹក។

លោក គីម សុផារុន ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់យុវជនបក្សដែលបានចូលរួម ដោយម្នាក់ៗទទួលបានមី១កេស ម៉ាស់២ប្រអប់ និងថវិកា ២ម៉ឺរៀល និងបានប្រគល់អំណោចជូនយុវជនក្រីក្រខ្វះខាតចំនួន៦០នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៊ីអីវ១យួរ និងទឹកត្រី១យួរ៕