(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីចុះពិនិត្យ និងនាំយកថវិកា ចំនួន៤,០០០,០០០រៀល (បួនលានរៀល) មកឧបត្ថម្ភដល់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យក្រសួងការពារជាតិ ចំនួន៤ទីតាំងផ្សេងៗគ្នា ដើម្បីជាការលើកទឹកចិត្តសម្រាប់ដោះស្រាយតម្រូវការមួយចំនួន នៅក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឫដូសជំរុញ ជូនប្រជាពលរដ្ឋ។

នៅក្នុងសកម្មភាពសមធម៌ចែករំលែក របស់អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីក្រោមឱវាទនេះ បានធ្វើឡើង ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំងវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក មណ្ឌលចាក់វ៉ាក់សាំងសាលាបឋមសិក្សាចំរេីនជាតិ ក្នុងវត្តឧត្តរាវត្តី និងមណ្ឌលចាក់វ៉ាក់សាំងសាលាបឋមសិក្សាទួលសង្កែ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន ក៏សូមអំពាវនាវដល់ពុកម៉ែ បង-ប្អូន រស់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ទាំងអស់ សូមអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងសូមបន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការអនុវត្តវិធានការ «៣កុំ និង៣ការពារ» បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕