(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ នៅរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចុះផ្អាកសកម្មភាពអាជីវកម្មរបស់ភោជនីយដ្ឋានមួយកន្លែង មានយីហោ «Music Restaurant» ស្ថិតក្នុងផ្សារវ័នម៉ល ផ្លូវរដ្ឋសភាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយម្ចាស់ទីតាំងមិនបានចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ១៩។

បន្ទាប់ពីត្រួតពិនិត្យ និងផ្អាកអាជីវកម្មភោជនីយដ្ឋាន «Music Restaurant» រួចមក លោកអភិបាលខណ្ឌ បានបន្តចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញបន្តទៀត ដោយមានការចូលរួមអមដំណើរពីសំណាក់លោក លោកស្រី បម្រើការងារនៅសាលាខណ្ឌ និងអភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

យ៉ាងណាក៏ដោយ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានពិនិត្យឃើញថា ចំពោះទីតាំងធ្វើអាជីវកម្ម ក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិនផ្សេងទៀតនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនពុំមានសកម្មភាពនោះទេ៕